អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អ្នកលេង TikTok នៅអាម៉េរិក កំពុងនាំគ្នាសម្រុកយ៉ាងភ្លូកទឹកភ្លូកដីទៅប្រើ RedNote ជំនួស TikTok ខណៈដែលអាមេរិកនឹងបិទ TikTok ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៩ ខែមករាខាងមុខ - Read News TV

អ្នកលេង TikTok នៅអាម៉េរិក កំពុងនាំគ្នាសម្រុកយ៉ាងភ្លូកទឹកភ្លូកដីទៅប្រើ RedNote ជំនួស TikTok ខណៈដែលអាមេរិកនឹងបិទ TikTok ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៩ ខែមករាខាងមុខ

 ចិន៖ អ្នកប្រើប្រាស់អ៊ីនធើណិតនៅសហរដ្ឋអាម៉េរិក កំពុងនាំគ្នាសម្រុកយ៉ាងភ្លូកទឹកភ្លូកដី ក្នុងការផ្លាស់ប្ដូរទៅប្រើប្រាស់កម្មវិធីបណ្ដាញសង្គម RedNote (កូនសៀវភៅកំណត់ចំណាំពណ៌ក្រហម) ឬមានឈ្មោះជាភាសាចិនថា សោវហុងស៊ូ (Xiaohongshu) មុនពេលសហរដ្ឋអាម៉េរិក ហាមឃាត់កម្មវិធី TikTok ជាផ្លូវការនៅថ្ងៃអាទិត្យ ទី១៩ ខែមករា ។

ក្នុងចំណោមពលរដ្ឋទាំងអស់នោះ រួមមាន បុគ្គលមានឥទ្ធិពល (Influencer) ជនជាតិអាម៉េរិកមួយរូប ឈ្មោះ ផល អាស់តុន (Paul Ashton) ដែលគេស្គាល់ឈ្មោះនៅលើវេទិកាអនឡាញថា “បាវបាវសៀង” (Baobaoxiong) ដោយទទួលបានការចូលទស្សនា (view) រាប់ពាន់លានដងលើខ្លឹមសារនៃមាតិកាវីដេអូខ្លីៗរបស់លោក រួមទាំងបង្កើតពាក្យថ្មីមួយនៅលើឌីជីថល សម្រាប់ប្រើប្រាស់នៅក្នុងប្រទេសចិន ក្នុងឆ្នាំ ២០២៤ ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ។

កាលពីថ្ងៃពុធ លោក អាស់តុន បានចូលរួមនៅក្នុងការថតរូប និងវីដេអូស្លៀកសម្លៀកបំពាក់បុរាណ ដោយដើរតួជាអ្នកប្រាជ្ញ ម៉ាតេអូ រីកគី (Matteo Ricci) ដែលជាអ្នកផ្សព្វផ្សាយសាសនាគ្រិស្តរបស់ប្រទេសអ៊ីតាលី ហើយលោកយល់ថា នៅពេលស្លៀកសម្លៀកបំពាក់បុរាណខាងលើនេះ លោកប្រៀបបាននឹងតួអង្គ នៃការផ្លាស់ប្ដូរឆ្លងវប្បធម៌ ហើយលោកពិតជារំភើប ចំពោះលំហូររបស់ជនជាតិអាម៉េរិក ទៅលើកម្មវិធី RedNote ។

ទោះបីជាមិនសូវមានអ្នកស្គាល់ពីមុនមកក៏ដោយ ប៉ុន្តែឥឡូវនេះ កម្មវិធី RedNote ឬសោវហុងស៊ូ (Xiaohongshu) ក៏ទទួលបាននូវប្រជាប្រិយភាពភ្លាមៗមួយរំពេច នៅសហរដ្ឋអាម៉េរិក បន្ទាប់ពីកម្មវិធី TikTok ប្រឈមវិធានការហាមឃាត់ក្នុងពេលដ៏ខ្លីខាងមុន។ ខណៈនេះ លោក អាស់តុន មានសុទិដ្ឋិនិយមអំពីកំណើនអ្នកប្រើប្រាស់ជនជាតិអាម៉េរិក ដែលចូលរួមទាញយកកម្មវិធី RedNote ហើយចាត់ទុកថា សកម្មភាពនេះ ជាការផ្លាស់ប្តូរដ៏នឹកស្មានមិនដល់ ក្នុងការផ្លាស់ប្តូរវប្បធម៌រវាងសហរដ្ឋអាម៉េរិក ជាមួយប្រទេសចិន ។

ក្នុងថ្ងៃតែមួយនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម RedNote របស់ចិន បានបង្ហោះរូបថត Selfie និងសារដែលនិយាយថា «សូមស្វាគមន៍ជនភៀសខ្លួន TikTok» និងឆ្លើយតបសំណួររបស់ជនជាតិអាម៉េរិក លើប្រធានាបទជាច្រើន រួមមានទាំងម្ហូបអាហារចិន គោលដៅទេសចរណ៍នៅតាមទីក្រុង ព្រមទាំងគោលនយោបាយបង្កកំណើតរបស់ចិន ក៏មានផងដែរ ។

លំហូរចូលនៃអ្នកប្រើប្រាស់ថ្មីពីអាម៉េរិក សម្រាប់កម្មវិធី RedNote ឥឡូវនេះ កើនឡើងជាង ៧០ម៉ឺននាក់ហើយ ដោយចំនួនកើនឡើងដ៏គំហុកនេះ ត្រូវបានជំរុញដោយវិធានការហាមឃាត់ជុំវិញក្ដីកង្វល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក លើកម្មវិធី TikTok ដែលប្រើប្រាស់ដោយជនជាតិអាម៉េរិក ចំនួន ១៧០ លាននាក់ ៕

Theme images by Radius Images. Powered by Blogger.