TikTok ផ្អាកដំណើរការជាផ្លូវការសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក ដោយបាត់ចេញពី App Store និង Google Play
នៅទីបំផុត កម្មវិធី TikTok បានផ្អាកដំណើរការជាផ្លូវការនៅលើទឹកដីសហរដ្ឋអាម៉េរិក កាលពីល្ងាចថ្ងៃសៅរ៍ ហើយកម្មវិធីនេះបានបាត់វត្តមានចេញពី App Store របស់ Apple និង Google Play មុនពេលច្បាប់ហាមឃាត់ចូលជាធរមាននៅថ្ងៃអាទិត្យ ដែលតម្រូវឱ្យបិទកម្មវិធីនេះ ។ ការបិទកម្មវិធី TikTok បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជនជាតិអាម៉េរិកចំនួន ១៧០លាននាក់ ។
នៅព្រឹកថ្ងៃតែមួយនោះ លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកទំនងជានឹងស្នើសុំពន្យាការបិទកម្មវិធី TikTok ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីស្វែងរកដំណោះស្រាយ នៅពេលគាត់ស្បថចូលកាន់តំណែងនៅថ្ងៃចន្ទ។ នេះគឺជាការសន្យាដែល TikTok បានដកស្រង់ដើម្បីកត់សម្គាល់ទៅកាន់អ្នកប្រើប្រាស់នៅលើកម្មវិធីរបស់ខ្លួន ។
នៅពេលអ្នកប្រើប្រាស់កម្មវិធី TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance របស់ចិន នៅលើទឹកដីសហរដ្ឋអាម៉េរិក នោះគេនឹងឃើញអក្សរមួយផ្ទាំង លោតចេញមកបញ្ជាក់ថា «សូមអធ្យាស្រ័យ! TikTok មិនមានដំណើរការនោះទេ នាពេលឥឡូវនេះ។
ច្បាប់ហាមឃាត់ TikTok ត្រូវបានអនុម័តនៅសហរដ្ឋអាម៉េរិក មានន័យថា អ្នកមិនអាចប្រើប្រាស់ TikTok បានទេនៅពេលនេះ។ យើងសូមអរគុណចំពោះលោកប្រធានាធិបតី Trump ដែលបានបង្ហាញថា លោកនឹងធ្វើការជាមួយយើង លើដំណោះស្រាយដើម្បីដាក់ឱ្យកម្មវិធី TikTok ដំណើរការឡើងវិញ នៅពេលដែលលោកចូលកាន់តំណែង។ សូមរង់ចាំតាមដានជាបន្ត» ។
ក្រៅតែពីកម្មវិធី TikTok កម្មវិធីផ្សេងទៀតដែលគ្រប់គ្រងដោយក្រុមហ៊ុន ByteDance រួមមានទាំងកម្មវិធីកាត់តវីដេអូ Capcut និងកម្មវិធី Lemon8 ក៏គ្មានការតភ្ជាប់ទៅកាន់អ៊ីនធើណិត និងបានបាត់ចេញពី App Stores ដូចគ្នាដែរ គិតត្រឹមយប់ថ្ងៃសៅរ៍ ៕


Post a Comment