ឈ្វេងយល់អំពីស្ថាប័នប៉ូលិសអន្តរជាតិ «អាំងទែប៉ូល (Interpol)»
«អាំងទែប៉ូល (Interpol)» ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កងកម្លាំងប៉ូលិស ព្រហ្មទណ្ឌកម្មនៃបណ្តាប្រទេសជាង១៨០នៅជុំវិញពិភពលោក។ ឈ្មោះ «Interpol» នេះគឺបានមកពីឈ្មោះពេញ របស់ស្ថាប័នដែលហៅថា International Criminal Police Organization។
Interpol ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឱ្យបានទូលំទូលាយតាមអាចធ្វើទៅបាន រវាងកងកម្លាំង ប៉ូលិសព្រហ្មទណ្ឌរវាងប្រទេសនីមួយៗ និងដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមមួយ សំដៅទប់ស្កាត់ និងបង្រ្កាបឧក្រិដ្ឋកម្មអន្តរជាតិ។ Interpol មានទីស្នាក់ការ កណ្តាលនៅទីក្រុងលីយ៉ុង (Lyon) នៃប្រទេសបារាំង ហើយវាជាស្ថាប័នប៉ូលិសតែមួយគត់ ដែលមានវិសាលភាពលាតសន្ធឹងពាសពេញ សកលលោក។ប្រវត្តិរបស់ Interpol
ដំណើរដើមទងនៃប្រវត្តិរបស់ស្ថាប័ន Interpol គឺបានចាប់ផ្តើមកាលពីឆ្នាំ១៩១៤ នៅពេលសមាជមួយនៃប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ ដែលត្រូវបានចូលរួមដោយប្រតិភូមកពីប្រទេសសរុបចំនួន១៤ ត្រូវបានរៀបចំឡើងនៅបុរីរដ្ឋម៉ូណាកូ។ នាឆ្នាំ១៩២៣ ក្រោយការកើនឡើង នៃឧក្រិដ្ឋកម្មលក្ខណៈអន្តរជាតិ ដែលបានបង្កការប៉ះពាល់ជាចម្បងលើប្រទេសអូទ្រីស ក្រុមអ្នកតំណាងប៉ូលិសព្រហ្មទណ្ឌនៃ ប្រទេសចំនួន ២០ បានជួបគ្នានៅទីក្រុងវ្យែន (រដ្ឋធានីរបស់អូទ្រីស) ហើយក៏បង្កើតឡើងនូវគណៈកម្មការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (ICPC) ក្នុងឆ្នាំនោះ តែម្តង ។
ទីស្នាក់ការកណ្តាលរបស់ ICPC ត្រូវបានបង្កើតឡើងនៅទីក្រុងវ្យែន ហើយស្នងការប៉ូលិសនៃទីក្រុងនេះ គឺលោក យ៉ូហាន សូបឺ (Johann Schober) ក៏បានក្លាយជានាយកដំបូងគេ ( President) របស់ស្ថាប័នប៉ូលិសអន្តរជាតិនេះ។ ICPC បានរីកចម្រើនឡើងរហូតដល់ត្រឹមឆ្នាំ១៩៣៨ នៅពេលដែលអាល្លឺម៉ង់ បានចូលកាន់កាប់អូទ្រីស។ ភ្លាមៗក្រោយពេលនោះ កំណត់ត្រាផ្សេងៗរបស់ ICPC ត្រូវបានរើទៅកាន់ទីក្រុងប៊ែរឡាំង។ ប៉ុន្តែនៅពេល សង្រ្គាមលោកលើកទីពីរផ្ទុះឡើងជាផ្លូវការ វាបានបញ្ចប់រាល់សកម្មភាពទាំងអស់របស់ ICPC។
បន្ទាប់ពីសង្រ្គាមលោកបានបញ្ចប់ទៅវិញ ICPC បានយល់ព្រមសំណើរបស់រដ្ឋាភិបាលបារាំង ដែលចង់ឲ្យបង្កើតទីស្នាក់ថ្មីនៅទីក្រុង ប៉ារីស។ ដូច្នេះហើយ ICPC ក៏បានរស់ឡើងវិញ ប៉ុន្តែការបាត់បង់កំណត់ត្រានានារបស់ខ្លួន កាលពីមុនសម័យសង្រ្គាម ក៏បានតម្រូវឲ្យស្ថាប័ននេះធ្វើការរៀបចំ រចនាសម្ព័ន្ធឡើងវិញសាជាថ្មីទាំងស្រុង។
ពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៥៥ សមាជិករបស់ ICPC បានកើនពី១៩ប្រទេស ដល់៥៥ប្រទេស ហើយនៅឆ្នាំ១៩៥៦ ICPC បានផ្តល់សច្ចាប័ន លើ ធម្មនុញ្ញ ថ្មី ដែលនៅក្រោមនោះ ស្ថាប័ននេះត្រូវបានប្តូរឈ្មោះទៅជាអង្គការប៉ូលិសព្រហ្មទណ្ឌអន្តរជាតិ (International Criminal Police Organization) ហៅថា Interpol (អ៉ីនធើប៉ូល ឬតាមភាសាបារាំង អាំងទែប៉ូល)។ Interpol បានផ្លាស់ទីស្នាក់ការកណ្តាលចេញពីប៉ារីស ទៅទីក្រុងលីយ៉ុងវិញ នៅឆ្នាំ១៩៨៩ និងបន្តស្ថិតនៅទីនោះរហូតមកទល់បច្ចុប្បន្ន។
ពីដំបូងឡើយ Interpol ជាចម្បងគឺជាស្ថាប័នអឺរ៉ុបមួយប៉ុណ្ណោះ ដែលទទួលបានការគាំទ្រតិចតួចពីសហរដ្ឋអាមេរិក និង ប្រទេសមួយចំនួន ទៀតដែលមិនមែននៅអឺរ៉ុប។ ប៉ុន្តែនៅក្រោមអគ្គលេខាធិការជនជាតិបារាំងគឺលោក ហ្សង់ ណេប៉ូទេ (Jean Nepote) (១៩៦៣-៧៨) ស្ថាប័នប៉ូលិស Interpol កាន់តែមានប្រសិទ្ធភាពខ្លាំងឡើង។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ ចំនួនប្រទេសជាសមាជិករបស់ Interpol បានកើនដល់ច្រើនជាង ១២៥ប្រទេស តំណាងឱ្យទ្វីបទាំងអស់របស់ពិភពលោក ដែលមានមនុស្សរស់នៅ។ ហើយនៅដើមសតវត្សរ៍ទី២១ សមាជិក Interpol ក៏បាន បន្តកើនលើស១៨០នាក់។ នៅឆ្នាំ២០០១ Interpol ត្រូវបានធ្វើការកែទម្រង់ ក្រោយព្រឹត្តិការណ៍មហាភេរវកម្ម «១១/កញ្ញា» នៅសហរដ្ឋអាមេរិក។
គួរជម្រាបថា មាត្រា៣នៃធម្មនុញ្ញរបស់ Interpol ហាមឃាត់ស្ថាប័នប៉ូលិសអន្តរជាតិ មិនឲ្យធ្វើអន្តរាគមន៍ ឬសកម្មភាពដែលទាក់ទង បញ្ហានយោបាយ យោធា សាសនា ឬក៏ពូជសាសន៍-ពណ៌សម្បុរឡើយ។ សព្វថ្ងៃនាយករបស់ Interpol គឺលោក អាមេដ ណាសឺ អាល់រ៉ៃស៉ី (Ahmed Naser Al-Raisi) ជាជនជាតិអេមីរ៉ាត់អារ៉ាប់រួម ដែលត្រូវបានតែងតាំងកាលពីឆ្នាំ២០២១។ តំណែងជានាយក Interpol ក៏ត្រូវតែងតាំងដោយមហាសន្និបាតរបស់ Interpol ដែរ និងមានអាណត្តិរយៈពេល៤ឆ្នាំ។ រីឯអគ្គលេខាធិការ បច្ចុប្បន្នវិញ គឺលោក យើចិន ស្តក់ (Jurgen Stock) ជនជាតិអាល្លឺម៉ង់ ដែលត្រូវបានតែងតាំងកាលពីឆ្នាំ២០១៤៕



Post a Comment