អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! សូមថែរក្សាសុខភាព! គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងខេត្តចំនួន៣ កំពុងស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពុល ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល - Read News TV

សូមថែរក្សាសុខភាព! គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងខេត្តចំនួន៣ កំពុងស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពុល ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល

ភ្នំពេញ៖ យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន ៦០ទីតាំង នៅទូទាំងប្រទេស បានបង្ហាញថា ខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ ដោយឡែកខេត្តចំនួន៣ រួមមាន ខេត្តបន្ទាយមានជ័យ កោះកុង សៀមរាប និងរាជធានីភ្នំពេញ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។ ជាមួយគ្នានេះ ខេត្តចំនួន៣ផ្សេងទៀត រួមមាន ខេត្តព្រៃវែង ពោធិ៍សាត់ និងប៉ៃលិន ស្ថិតនៅក្នុងទន្ទស្សន៍ពណ៌ទឹក្រូច។

សូមបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ ពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ យោងតាមទិន្នន័យនេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ស្នើដល់សាធារណៈជនធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅ។ ទន្ទឹមនេះ អាជ្ញាធររាជធានី ខេត្ត និងប្រជាពលរដ្ឋ នៅក្នុងតំបន់ទទួលរងការកើនឡើងកំហាប់ភាគល្អិតនិចល PM2.5 ចូលរួមសហការផ្សព្វផ្សាយ និងចាត់វិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុល ដូចជាសម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូលទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ទប់ស្កាត់ការដុត ធូលីហុយ និងករណីឆេះផ្សេងៗ ជាពិសេសការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹង នៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។ ក្រសួងបរិស្ថាន នឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ជូនសាធារណជនបានជ្រាបជាប្រចាំ និងធ្វើការតាមដានព័ត៌មានផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS៕









Theme images by Radius Images. Powered by Blogger.