មុខសញ្ញាជាជនជាប់ចោទម្នាក់ទៀត ក្នុងករណីឃាតកម្មកាលពីឆ្នាំ២០២២ ត្រូវបានចាប់ខ្លួន តាមអំណាចដីកាតុលាការនាំយកមកអនុវត្តតាមច្បាប់
បាត់ដំបង៖ នៅថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៥វេលាម៉ោង១៤និង៤៧ នាទីនៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
អនុវត្តតាមបទបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលទៅ លើនីតិវិធី ពី លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹម សុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី នូ ជីវន្ត័ ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ ដោយមានកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារ៉ា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ គន្ធា វីធួន ភេទប្រុស អាយុ ២៥ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចក្រុមទី១២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែ ធ្នូ ឆ្នាំ២០២២ ។
សូមជម្រាបជូនថា កាលពីវេលា ម៉ោង៤និង០០នាទីទៀបភ្លឺយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចសួនច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិច ទល់មុខធនាគារ FTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងខេត្តបាត់ដំបង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់ទៅលើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឱ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ហេីយជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ ដែលក្នុងហេតុការណ៍នោះជនរងគ្រោះ០១នាក់ ក្នុងចំណោម០៣នាក់ បានស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ហេីយចាប់ពីពេលកេីតហេតុសមត្ថកិច្ចបានធ្វេីការស្រាវជ្រាវស៊េីបអង្កេតនិងឃាត់ខ្លួនមុខសញ្ញាជាបន្តបន្ទាប់និងបញ្ជូនទៅតុលាការដេីម្បីអនុវត្តទោសតាមផ្លូវច្បាប់ ។ បច្ចុប្បន្ន ជនជាប់ចោទខាងលេី កម្លាំងការិយាល័យជំនាញកំពុងធ្វើការបន្តតាមនីតិវិធី ៕








Post a Comment