ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក Donald Trump នឹងផ្តោតលើគោលនយោបាយសំខាន់ៗចំនួន៥ចំណុច
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ ដែលជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក ជាមួយនឹងសំឡេងភាគច្រើន នឹងត្រឡប់ទៅគ្រប់គ្រងសេតវិមានសារជាថ្មី ហើយបន្ទាប់ពីជាប់ឆ្នោត លោកនឹងងាកទៅរកគោលនយោបាយសំខាន់ៗចំនួន ៥ចំណុច អំឡុងឃោសនាបោះឆ្នោត ។
នៅក្នុងចំណោមគោលនយោបាយសំខាន់ៗទាំងនោះ រួមមាន ចំណុចទី១ អន្តោប្រវេសន៍ និងសន្តិសុខព្រំដែន, ចំណុចទី២ ពន្ធនាំចូល ពន្ធទូទៅ និងកាត់បន្ថយអតិផរណា, ចំណុចទី៣ អាកាសធាតុ និងបរិស្ថាន, ចំណុចទី៤ អង្គការណាតូ អ៊ុយក្រែន និងអ៊ីស្រាអែល, ចំណុចចុងក្រោយគេ គឺជាច្បាប់និងសិទ្ធិនៃការរំលូតកូន ។
+ចំណុចទី១៖ អន្តោប្រវេសន៍ និងសន្តិសុខព្រំដែន
វេទិកានៃគោលនយោបាយ "Agenda47" ត្រូវបានដាក់ឈ្មោះដូច្នេះ ដោយសារតែលោកត្រាំ នឹងក្លាយជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិក។ វេទិកានេះ ពិពណ៌នាថា ការធ្វើចំណាកស្រុកដោយគ្មានឯកសារត្រឹមត្រូវ គឺជាការឈ្លានពាន ជាមួយនឹងការសន្យាចំនួនពីរ ទី១ «បិទព្រំដែន» ទី២ «និរទេសជនចំណាកស្រុកដែលគ្មានឯកសារត្រឹមត្រូវប្រហែល ១១ លាននាក់ ចេញពីសហរដ្ឋអាម៉េរិក។
ក្រុមប្រឹក្សាអព្យាក្រឹតអន្តោប្រវេសន៍អាម៉េរិក បានធ្វើការប៉ាន់ប្រមាណថា ការនិរទេសមនុស្សក្នុងចំនួនដ៏ច្រើនបែបនេះ នឹងត្រូវចំណាយថវិការហូតដល់ ៣១៥ ពាន់លានដុល្លារអាម៉េរិក សម្រាប់ដំណើរការផ្សេងៗ ដូចជាការចាប់ខ្លួន ឃុំខ្លួន ដំណើរការផ្លូវច្បាប់ និងនៅពេលនិរទេស រួមទាំងប៉ះពាល់ទូលំទូលាយដល់សេដ្ឋកិច្ចថែមទៀតផង ។ លើសពីនេះ គិតត្រឹមតែការនិរទេសតែមួយមុខប៉ុណ្ណោះ សហរដ្ឋអាម៉េរិកនឹងចំណាយថវិកាចំនួន ៨៨ លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះ អនុប្រធានាធិបតីជាប់ឆ្នោត លោក JD Vance អះអាងថា ជនចំណាកស្រុកគ្មានឯកសារត្រឹមត្រូវប្រហែល ១ លាននាក់ អាចនឹងត្រូវនិរទេសចេញពីសហរដ្ឋអាម៉េរិក ក្នុងរយៈពេលមួយឆ្នាំដំបូងនៃអាណត្តិរបស់លោកប្រធានាធិបតីត្រាំ (Trump) ។
+ចំណុចទី២៖ ពន្ធនាំចូល, ពន្ធទូទៅ, កាត់បន្ថយអតិផរណា
នៅក្នុងវេទិកាដដែលនេះ ក៏រួមមានទាំងការស្នើឱ្យកំណត់ពន្ធលើទំនិញនាំចូល និងកាត់បន្ថយពន្ធទូទៅ ដោយលោកមានគោលបំណងធ្វើឱ្យទំនិញបរទេសឡើងថ្លៃ ដើម្បីជំរុញដល់ការទិញទំនិញនៅក្នុងស្រុក និងស្នើបញ្ចុះពន្ធ ដែលទំនងជាជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនប្រាក់ចំណូលសម្រាប់និយោជិតនិងអាជីវកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ សេដ្ឋវិទូ និយាយថា យុទ្ធសាស្ត្រនេះ បូករួមជាមួយនឹងវិធានការផ្សេងទៀត ដូចជាការនិរទេសទ្រង់ទ្រាយធំ អាចនឹងទាញទម្លាក់ប្រាក់ចំណូលជាតិរបស់សហរដ្ឋអាម៉េរិក ឬ GDP រហូតដល់ ៩.៧% នៅចុងបញ្ចប់នៃអាណត្តិ ៤ ឆ្នាំរបស់លោកនៅឆ្នាំ ២០២៨។
ទន្ទឹមនឹងនោះ គណៈកម្មាធិការនៃក្រុមអព្យាក្រឹតទទួលបន្ទុកពិនិត្យថវិកាសហព័ន្ធ បានប៉ាន់ប្រមាណថា គោលនយោបាយរបស់លោកត្រាំ (Trump) អាចបង្កើនបំណុលជាតិរហូតដល់ ១៥.៥ ពាន់ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ ឆ្នាំ ជាចម្បងកើតឡើង ដោយសារតែការកាត់បន្ថយពន្ធដូចបានស្នើឡើង ។
+ចំណុចទី៣៖ អាកាសធាតុ និងបរិស្ថាន
ត្រង់ចំណុចនេះ វានឹងមានភាពងាយស្រួលសម្រាប់លោកត្រាំ ក្នុងការដកសហរដ្ឋអាម៉េរិក ចេញកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសម្តងទៀត ប្រសិនបើលោកត្រឡប់ចូលកាន់តំណែង។ ខណៈកិច្ចព្រមព្រៀងនេះ មិនមានកាតព្វកិច្ចស្របច្បាប់នោះទេ មានន័យថា ប្រសិនបើរដ្ឋហត្ថលេខី មិនបានបំពេញសន្យាក្នុងការកាត់បន្ថយការកើនឡើងកម្តៅផែនដីត្រឹម ២អង្សានៅឆ្នាំ ២០៥០ ឬទាបជាងនេះ ក៏ប្រទេសទាំងនោះ មិនប្រឈមនឹងការពិន័យណាមួយឡើយ។ លោកត្រាំ បានដកសហរដ្ឋអាម៉េរិក ចេញពីកិច្ចព្រមព្រៀងនេះ ម្តងរួចមកហើយ នៅពេលលោកកាន់អំណាចចុងក្រោយក្នុងឆ្នាំ ២០២០ ក្រោយមក អំឡុងអាណត្តិរបស់លោក ចូ បៃដិន (Joe Biden) ក៏បានចូលរួមជាមួយកិច្ចព្រមព្រៀងឡើងវិញ ក្នុងឆ្នាំ ២០២១ ។
ចំណែកឯរឿងមួយទៀត លោកត្រាំ (Trump) មានបំណងប្រាថ្នាក្នុងការបង្កើនការផលិតប្រេង ដោយផ្ទុយពីដំបូន្មានរបស់វិទ្យាសាស្ត្រនាពេលបច្ចុប្បន្ន ដែលលើកឡើងថា រដ្ឋាភិបាលគួរតែចាត់វិធានការដើម្បីទប់ស្កាត់កំណើនសីតុណ្ហភាពជាមធ្យមនៅលើភពផែនដី លើសពីគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្រុមវិភាគអាកាសធាតុឯករាជ្យ Carbon Brief ប៉ាន់ប្រមាណថា គោលនយោបាយសន្យារបស់លោកត្រាំ អាចធ្វើឱ្យមានការបញ្ចេញឧស្ម័នកាបូនបន្ថែមទៀត រហូតដល់ទៅ ៤ ពាន់លានតោនចូលទៅកាន់បរិយាកាសនៅឆ្នាំ ២០៣០។ ទោះជាយ៉ាងណាក៏ដោយ វាប្រហែលជាពិបាកជាងសម្រាប់លោកត្រាំ (Trump) ក្នុងការដើរបញ្ច្រាសច្បាប់ទាំងស្រុងដែលបានអនុម័តក្នុងអំឡុងអាណត្តិប្រធានាធិបតីរបស់លោកបៃដិន (Biden) ដូចជាច្បាប់កាត់បន្ថយអតិផរណា (Inflation Reduction Act)។ ច្បាប់នេះ ផ្សារភ្ជាប់ការវិនិយោគផ្នែកអាកាសធាតុ ជាមួយនឹងគំនិតផ្តួចផ្តើម ដែលជំរុញដល់ការបង្កើតការងារ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ រដ្ឋដែលដឹកនាំដោយគណបក្សសាធារណរដ្ឋមួយចំនួន អាចនឹងប្រឆាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកត្រាំ ដែលចង់រុះរើគោលនយោបាយបែបនេះ ដោយសារតែពលរដ្ឋទទួលបានផលប្រយោជន៍ពីគោលនយោបាយទាំងនេះ។ រដ្ឋទាំងនោះ នៅតែចង់រក្សាផលប្រយោជន៍ គាំទ្រការងារក្នុងស្រុក និងកំណើនសេដ្ឋកិច្ច ដែលវាពិតជាធ្វើឱ្យលោកត្រាំ ពិបាកក្នុងការលុបបំបាត់ច្បាប់នេះចោលទាំងស្រុង ។
+ចំណុចទី៤៖ អង្គការណាតូ អ៊ុយក្រែន និងអ៊ីស្រាអែល
សម្រាប់ចំណុចទី៤នេះ គេស្គាល់ថា លោកត្រាំ (Trump) ប្រឆាំងនឹងការចូលរួមរបស់សហរដ្ឋអាម៉េរិក នៅក្នុងជម្លោះអន្តរជាតិ ដូចជាសង្គ្រាមនៅអ៊ុយក្រែន និងជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ លោកធ្លាប់បានសន្យាថា នឹងបញ្ចប់ជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេល ២៤ម៉ោង ហើយទាំងប្រធានាធិបតីរុស្ស៊ីលោក ពុទីន និងប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានបង្ហាញពីឆន្ទៈក្នុងការចូលរួមជាមួយលោក។ ទោះជាយ៉ាងណាក៏ដោយ លោក Trump បានរិះគន់លោក Zelenskyy ក្នុងការបន្តទទួលយកជំនួយគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ហើយមនុស្សជាច្រើនរំពឹងថា ការគាំទ្រនោះនឹងថយចុះនៅក្រោមការគ្រប់គ្រងរបស់គណបក្សសាធារណរដ្ឋ។
ទន្ទឹមនឹងនេះដែរ លោក Trump គឺជាអ្នកគាំទ្រដ៏រឹងមាំរបស់អ៊ីស្រាអែល តាមរយៈការទទួលស្គាល់ទីក្រុងយ៉េរ៉ូសាឡឹម ជារដ្ឋធានីរបស់អ៊ីស្រាអែល ក្នុងឆ្នាំ ២០១៧ ទោះបីជាស្ថានភាពជាក់ស្ដែងនៅតែបន្តមានជម្លោះក៏ដោយ។ លោកមានទំនាក់ទំនងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ហើយលោកត្រាំ ទំនងជានឹងបន្តលើកកម្ពស់កិច្ចព្រមព្រៀង Abraham ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាងអ៊ីស្រាអែល និងប្រទេសអារ៉ាប់ផ្សេងទៀត មានលក្ខណៈល្អប្រសើជាធម្មតា ជាពិសេសអារ៉ាប៊ីសាអូឌីត។
ខណៈអង្គការណាតូឯណោះវិញ លោកត្រាំ (Trump) ជឿជាក់ថា ប្រទេសដែលមិនបំពេញតាមគោលដៅដែលបានណែនាំ ក្នុងការចូលរួមចំណែកផ្នែកហិរញ្ញវត្ថុដោយចំណាយ ២% នៃ GDP របស់ពួកគេសម្រាប់វិស័យការពារជាតិ មិនគួរទទួលបានអត្ថប្រយោជន៍សន្តិសុខពេញលេញនោះទេ ។
+ចំណុចទី៥៖ ច្បាប់និងសិទ្ធិរំលូតកូន
ចំណុចចុងក្រោយនេះ ពាក់ព័ន្ធនឹងការរំលូតកូន ដែលជាបញ្ហាសំខាន់នៃជម្រើសអទិភាព នៅក្នុងយុទ្ធនាការរបស់គណបក្សប្រជាធិបតេយ្យ ប៉ុន្តែហាក់ផ្ទុយពីគោលជំហរមិនសូវជាមានភាពច្បាស់លាស់របស់លោកត្រាំ (Trump) ដែលមកពីគណបក្សសាធារណរដ្ឋ។ ខណៈដែលលោកត្រាំ បានបដិសេធចំពោះការលើកឡើងរបស់អនុប្រធានាធិបតីជាប់ឆ្នោតលោក JD Vance ក្នុងការស្នើលើការវេតូដល់សំណើនៃការហាមឃាត់ការរំលូតកូន កាលពីខែកញ្ញា លោក Trump ក៏បានបញ្ជាក់ផងដែរ ថាលោកនឹងមិនចុះហត្ថលេខាលើច្បាប់បែបនេះទេ។ បើទោះបីជាគ្មានសំណើហាមឃាត់នេះក៏ដោយ ក៏មន្ត្រីពីគណបក្សសាធារណរដ្ឋ នៅតែអាចដាក់កម្រិតលើការទទួលបានថ្នាំរំលូតកូន ដូចជាថ្នាំ mifepristone ជាដើម។
អ្វីដែលច្បាស់នោះ គឺថាវេទិការបស់លោក Trump គាំទ្រចំពោះការសម្រេចចិត្តរបស់តុលាការកំពូល ក្នុងការលុបចោល ច្បាប់ Roe v. Wade ដោយអនុញ្ញាតឱ្យរដ្ឋនីមួយៗ សម្រេចចិត្តរៀងៗខ្លួន លើច្បាប់រំលូតកូន ក្នុងនោះ រួមមាន រដ្ឋ Arizona, Colorado, Maryland, Missouri, Montana និងរដ្ឋ Nevada បានអនុម័តច្បាប់នៅថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ ដើម្បីការពារសិទ្ធិរំលូតកូន ៕
ប្រភព៖ MSN/ DW/ BBC/ Others
រូបភាព៖ DW/ BBC/ Others


Post a Comment