កម្ពុជា បង្ហាញសមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់អង្គជំនុំជម្រះតុលាការកំពូល បន្ទាប់ពី១៦ឆ្នាំ នៃដំណេីរការតុលាការកូនកាត់មួយនេះ
ភ្នំពេញ៖ អង្គជំនុំជម្រះតុលាការកំពូល (អ.វ.ត.ក.) បានបេីកសិក្ខាសាលាមួយស្តីពី «សមិទ្ធផលសម្រេចបាន និងកេរដំណែលរបស់អង្គជំនុំជម្រះតុលាការកំពូល» នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី១៦ឆ្នាំ នៃដំណេីរការតុលាការកូនកាត់មួយនេះ ពោលគឺ ពីឆ្នាំ២០០៦ដល់ឆ្នាំ២០២២។
សិក្ខាសាលានេះ ធ្វេីឡេីងក្រោមអធិបតីភាព លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងាររាជរដ្ឋាភិបាល ទទួលបន្ទុកការអនុវត្តទទួលបន្ទុកការអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.), លោក អាត់ស៊ូស៊ី អ៊ូអិណូ (Atsushi UENO) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា, លោកចៅក្រម ម៉ូតុ ណូហ្គូជី (Motoo NOGUCHI) ចៅក្រមបម្រុងអន្តរជាតិនៃអង្គជំនុំជម្រះ តុលាការកំពូលនៃ អ.វ.ត.ក. និងជាវាគ្មិនកិត្តិយសនៅក្នុងសិក្ខាសាលានេះ លោក ហែម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានរដ្ឋបាលស្តីទី នៃអ.វ.ត.ក. និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។
លោក កែវ រ៉េមី បានឱ្យដឹងថា ក្រោយពីដំណើរការកាត់សេចក្តីអស់រយៈពេល ១៦ឆ្នាំមក (២០០៦-២០២២) អ.វ.ត.ក. បានបន្សល់ទុកនូវសមិទ្ធផលប្រកបដោយអត្ថន័យ និងគួរជាទីមោទនៈ រួមមាន ទី១. បណ្ណសារតុលាការ មានចំនួនសរុប ២៣៣ ៨៣៦ឯកសារ ដែលស្មើនឹងជិត ២,៤លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង) សម្រាប់បម្រើឱ្យការងារអប់រំ ផ្សព្វផ្សាយ និងស្រាវជ្រាវ ទី២. កេរដំណែលដ៏ល្អ នៅក្នុងសង្គមកម្ពុជា ដោយបានចូលរួមចំណែកពង្រឹងសមិទ្ធផលនៃសន្តិភាព, ការផ្សះផ្សាជាតិ, ការស្វែងរកការពិត, ការពង្រឹងនីតិរដ្ឋ, និងជាពិសេស ការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងបញ្ចប់នូវវប្បធម៌និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មដ៏មហាឃោរឃៅព្រៃផ្សៃ ព្រមទាំងការលើកកម្ពស់ដល់ការ ចងចាំ និងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបដ៏សាហាវយង់ឃ្នងនេះ និងទី៣. បានចូលរួមចំណែកដោយផ្ទាល់ដល់កំណែទម្រង់វិស័យច្បាប់ និងយុត្តិធម៌ តាមរយៈការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្ត្រីតុលាការនិងមន្ត្រីច្បាប់ ដូចជា ការផ្ទេរចំណេះដឹង ចំណេះធ្វើ និងបទពិសោធជាច្រើនពី អ.វ.ត.ក. ទៅដល់ប្រព័ន្ធតុលាការជាតិនិងទៅដល់ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ ជាក់ស្តែង គំរូរដ្ឋបាលតុលាការរបស់ អ.វ.ត.ក. ត្រូវបានយកមកបង្កើត និងបាននិងកំពុងដាក់ឱ្យអនុវត្តនៅក្នុងប្រព័ន្ធតុលាការជាតិសព្វថ្ងៃ។
ជាងនេះទៅទៀត គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. មិនត្រឹមតែសម្រេចបានទៅតាមគោលដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈពិសេសដោយឡែកយ៉ាងហោចចំនួន ៥ ធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺ ៖
ទី១. បានកាត់សេចក្តី និងផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋដែលជាបុគ្គលទទួលខុសត្រូវខ្ពស់បំផុតក្នុងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលពុំធ្លាប់មានចាប់តាំងពីការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យពូជសាសន៍ នៅឆ្នាំ១៩៤៨មក។ នេះ ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។
ទី២. បានអនុញ្ញាតឱ្យជនរងគ្រោះចូលរួមក្នុងកិច្ចដំណើរការនីតិវិធីច្បាប់ ក្នុងនាមជាដើមបណ្ដឹងរដ្ឋប្បវេណី ដែលជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ធៀបទៅនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត។
៣. បានធ្វើការផ្សព្វផ្សាយដោយផ្ទាល់ទៅដល់អ្នកចូលរួមជាង ៦៥០ ០០០នាក់ តាមរយៈការអនុញ្ញាតឱ្យប្រជាពលរដ្ឋនិងជនរងគ្រោះមកតាមដានដោយផ្ទាល់សវនាការជំនុំជម្រះក្តី និងការរៀបចំឱ្យមានការធ្វើទស្សនកិច្ចសិក្សានៅក្នុងអំឡុងពេលដំណើរការកាត់សេចក្តី។
ទី៤. ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ក្នុងការរក្សាបានយ៉ាងពេញលេញនូវអធិបតេយ្យភាពរបស់កម្ពុជា តាមរយៈភាពជាម្ចាស់ និងភាពជាអ្នកដឹកនាំ។ ជាងនេះទៀត ប្រទេសមួយចំនួន រួមមាន បង់ក្លាដែស ស្រីលង្កា កេនយ៉ា សេណេហ្គាល់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានមក សិក្សាយកគំរូកូនកាត់នេះ ទៅរៀបចំ និងបង្កើតជាតុលាការស្រដៀងគ្នានេះ ដើម្បីវិនិច្ឆ័យ ទៅលើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសាហាវយង់ឃ្នង។
ទី៥. បានចំណាយថវិកាអស់តិចជាងគេ ប្រមាណ ២២លានដុល្លារ ក្នុងមួយឆ្នាំ ធៀបនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិផ្សេងៗទៀត ដែលបានចំណាយថវិកាអស់ចន្លោះ ពី ៨០-១០០ លានដុល្លារ ក្នុងមួយឆ្នាំ។
លោក កែវ រ៉េមី បានបន្តទៀតថា ទោះបីជាដំណើរការជម្រះក្តីរបស់ អ.វ.ត.ក. ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយនៅចុង ឆ្នាំ២០២២ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិបានបន្តផ្តល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. សម្រាប់រយៈពេលបីឆ្នាំដំបូងសិន (២០២៣-២០២៥) ដោយអនុលោមតាម «កិច្ចព្រមព្រៀងបន្ថែមស្តីពី ការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ» ដែលរួមមាន កិច្ចការគតិយុត្តមួយចំនួនរួមទាំងការតាមដាន ការអនុវត្តទោសរបស់ទណ្ឌិតនៅពន្ធនាគារ, ការថែរក្សាទុក និងការគ្រប់គ្រងបណ្ណសារនៃសំណុំរឿង ទាំងអស់តាមស្តង់ដាអន្តរជាតិ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌលធនធានរបស់ អ.វ.ត.ក.» ដែលមានសមាសភាគចំនួន ៦ រួមមាន៖
ទី១. បណ្ណាល័យសាធារណៈដែលដំណើរការជាកន្លែងទទួលបានព័ត៌មាន និងសម្រាប់ស្រាវជ្រាវ លើសមិទ្ធផលការងារ ជាពិសេស ដំណើរការជំនុំជម្រះក្តីរបស់ អ.វ.ត.ក.។
ទី២. និហិតដ្ឋានបណ្ណសារដែលថែរក្សាទុកឯកសារទាំងអស់របស់តុលាការ។
ទី៣. បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់ការបណ្តុះបណ្តាលផ្នែកតុលាការ ការអប់រំប្រវត្តិសាស្ត្រ និងការផ្សព្វផ្សាយព័ត៌មាន។
ទី៤. កន្លែងពិគ្រោះយោបល់សម្រាប់សហការជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើការងារជាបន្ត លើការទទួលស្គាល់ និងការគាំទ្រនានាដល់ជនរងគ្រោះ។
ទី៥. កន្លែងតាំងពិព័រណ៍អចិន្ត្រៃយ៍ ដើម្បីបន្តបញ្ជាបការយល់ដឹងអំពីអតីតកាល និងដំណើរការការជំនុំជម្រះក្តី ដែលមានលក្ខណៈពិសេសរបស់របស់កម្ពុជា។
ទី៦. ឧទ្យាននៃការចងចាំ សម្រាប់ការរម្លឹកដល់ជនរងគ្រោះនិងអ្នករស់រានមានជីវិតនៃរបបខ្មែរក្រហម។
សូមបញ្ជាក់ថា អ.វ.ត.ក. ជាតុលាការគំរូ អន្តរជាតិមួយ ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា និងមានការចូលរួមអនុវត្តការងារពី អង្គការសហប្រជាជាតិ ព្រមទាំងមានការផ្តល់ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍អន្តរជាតិ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបខ្មែរក្រហម។ តុលាការនេះ បានប្រើប្រាស់យុត្តាធិការរបស់ប្រទេសជាម្ចាស់គឺកម្ពុជា និងប្រើច្បាប់ចម្រុះទាំងប្រព័ន្ធច្បាប់ Civil Law និងទាំងប្រព័ន្ធច្បាប់ Common Law សម្រាប់ដំណើរការកាត់សេចក្ដីក្នុងគោលដៅពីរដើរទន្ទឹមគ្នា ទី១ ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ នៃរបបខ្មែរក្រហម និងទី២ ធានាឱ្យបាននូវនិរន្តរភាពនៃសុខសន្តិភាព ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ជូនជាតិមាតុភូមិ។
ចាប់តាំងពីដំណើរការកសាងសន្តិភាពនៅកម្ពុជា និងការចូលរួមចំណែកយ៉ាងសកម្មតាំងពីដំណាក់កាលចចារបង្កើតឱ្យមានតុលាការកូនកាត់នេះ ពោលគឺ ជប៉ុនបានជួយសម្របសម្រួល និងបានជួយទម្លុះភាពទាល់ច្រកទៅលើការខ្វែងគំនិតគ្នារវាងក្រុមការងារចចាររបស់រាជរដ្ឋាភិបាលកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ទាក់ទងនឹងគំរូតុលាការដែលត្រូវបង្កើតឡើង។
រីឯនៅពេលចាប់ផ្តើមដំណើរការកាត់សេចក្តីចាប់ពីឆ្នាំ២០០៦ រហូតទល់ពេលបច្ចុប្បន្ន ជប៉ុនក៏បាននិងកំពុងបំពេញតួនាទីជាសហប្រធាននៃក្រុមប្រទេសជាមិត្តរបស់ អ.វ.ត.ក. ជាមួយប្រទេសបារាំង ក្នុងការជួយសម្របសម្រួល និងកៀរគរថវិកាសម្រាប់គាំទ្រដល់ដំណើរការកាត់សេចក្តីដោយរលូន និងទទួលបានជោគជ័យ។ គិតរហូតមកទល់ខែតុលា ឆ្នាំ២០២៤ ជប៉ុនបានជាប់ប្រទេសចំណាត់ថ្នាក់ទី១ ដែលបានផ្តល់ថវិកាសរុបចំនួនប្រមាណ ៨៨,៥លានដុល្លារ សម្រាប់ទ្រទ្រង់ ដំណើរការកាត់សេចក្ដីរបស់ អ.វ.ត.ក. ដែលស្មើនឹងប្រមាណ២១% នៃចំណាយសរុបចំនួនប្រមាណ ៤១២លានដុល្លារ៕






Post a Comment