លោក ដូណាល់ ត្រាំ ជាប់ឈ្មោះជាប្រធានាធិបតីអាមេរិកទី២ ក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់ចាញ់ឆ្នោតម្តងហើយ អាចត្រឡប់មកទទួលជ័យជម្នះឡើងវិញ
វ៉ាស៉ីនតោន៖ បន្ទាប់ពីលោក ដូណាល់ ត្រាំ ត្រូវបានប្រកាសថា ជាអ្នកទទួលជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤នេះ រូបលោកបានជាប់ឈ្មោះ ជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយ ក៏ប៉ុន្តែអាចត្រឡប់មកទទួលជ័យជម្នះ សាជាថ្មី។
ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកអាណត្តិថ្មី បានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយការប្រកាសលទ្ធផល បានបង្ហាញឱ្យឃើញថា អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលជាបេក្ខជនរបស់គណបក្សសាធារណរដ្ឋ បានយកឈ្នះគូប្រជែង គឺអនុប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ដែលជាបេក្ខជនបក្សប្រជាធិបតេយ្យ។
លោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិក ជាលើកដំបូងកាលពីឆ្នាំ២០១៧ ក្រោយផ្តួលគូប្រកួតនាពេលនោះ គឺលោកស្រី ហ៉ីលឡារី គ្លីនតុន ក្នុងការបោះឆ្នោតឆ្នាំ២០១៦។ យ៉ាងណាមិញ លោក ត្រាំ បានទទួលបរាជ័យ ក្រោមដៃ លោក ចូ បៃដិន ក្នុងការបោះឆ្នោតឆ្នាំ២០២០ ហើយត្រូវចាកចេញពីសេតវិមាន កាលពីដើមឆ្នាំ២០២១។ បន្ទាប់ពីឈ្នះឆ្នោតនៅឆ្នាំ២០២៤នេះ លោក ត្រាំ នឹងត្រូវស្បថចូលកាន់តំណែងសម្រាប់អាណត្តិទី២ នៅដើមឆ្នាំក្រោយ។
គួរបញ្ជាក់ថា មុនលោក ត្រាំ មានតែប្រធានាធិបតីអាមេរិកម្នាក់គត់ ដែលធ្លាប់ចាញ់ឆ្នោតម្តងរួចហើយ អាចត្រឡប់មកកាន់អំណាចសាជាថ្មីបែបនេះ សម្រាប់អាណត្តិទី២ ដែលជាអាណត្តិមិនជាប់គ្នា នោះគឺលោក Grover Cleveland ដែលបានកាន់តំណែងជាប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី១ ចាប់ពីឆ្នាំ១៨៨៥ ដល់១៨៨៩ និងអាណត្តិទី២ ចាប់ពីឆ្នាំ១៨៩៣ ដល់១៨៩៧។ ក្រៅពីនេះ ក៏ធ្លាប់មានប្រធានាធិបតីអាមេរិកប៉ុន្មានរូបផ្សេងផងដែរ ដែលធ្លាប់ព្យាយាមឈរឈ្មោះជាប្រធានាធិបតីម្តងទៀត ក្រោយចាញ់ឆ្នោត ប៉ុន្តែសុទ្ធតែមិនបានជោគជ័យ លើកលែងតែលោក ដូណាល់ ត្រាំ នាពេលនេះ។
លោក ដូណាល់ ត្រាំ នឹងវិលត្រឡប់ទៅកាន់សេតវិមានវិញ ហើយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក អាចនឹងស្ថិតក្នុងស្ថានភាពផ្លាស់ប្តូរខ្លាំងណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
អតីតប្រធានាធិបតីដែលនឹងឡើងកាន់តំណែង ជាប្រធានាធិបីថ្មីក្នុងពេលឆាប់ៗខាងមុខនេះ បានសន្យាថានឹងដំឡើងពន្ធលើទំនិញនាំចូល ទៅកាន់សហរដ្ឋអាមេរិកទាំងអស់ និងអនុវត្តការបណ្តេញចេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ គាត់ក៏ចង់មានសំឡេងនៅក្នុងគោលនយោបាយ របស់ធនាគារកណ្តាលអាមេរិកផងដែរ។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Bloomberg បានឱ្យដឹងថា សេដ្ឋវិទូជាច្រើនគិតថា វិធានការទាំងនេះនឹងបង្កឱ្យអតិផរណាកើនឡើងកាន់តែខ្ពស់ និងកំណើនសេដ្ឋកិច្ចកាន់តែថមថយនៅពេលខាងមុខ។
លោក ត្រាំ ក៏បានសន្យាថានឹងកាត់បន្ថយពន្ធផងដែរ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោតដែលបានបញ្ចប់ដោយជោគជ័យ ទៅលើអនុប្រធានាធិបតីអ្នកស្រី ខាមេឡា ហារីស។ សមត្ថភាពរបស់គាត់ក្នុងការអនុវត្តការវិធានការ ដែលបានសន្យាទាំងអស់នោះនឹងអាស្រ័យលើលទ្ធផលបោះឆ្នោតសភា ដែលនៅតែស្ថិតក្នុងមន្ទិលសង្ស័យ ទោះបីជាគណបក្សសាធារណរដ្ឋបានឈ្នះការគ្រប់គ្រងព្រឹទ្ធសភាក៏ដោយ។ រដ្ឋាភិបាលដែលបែកបាក់គ្នាចាំបាច់ត្រូវការប្រធានាធិបតីថ្មី ចរចាកាន់តែខ្លាំងក្លាជាមួយសភាជុំវិញ គោលនយោបាយសារពើពន្ធ។
អ្នកវិភាគបាននិយាយថា ទោះបីជាយ៉ាងណា វាគឺជាពន្ធរបស់លោក ត្រាំ ដែលលោកបានគំរាមថានឹងដកហូតទៅលើប្រទេសជាសត្រូវ និងប្រទេសសម្ព័ន្ធមិត្ត ដែលវាមានផលប៉ះពាល់ខ្លាំងបំផុតលើសេដ្ឋកិច្ចអាមេរិក។ លោក ត្រាំ ដែលបានប្រកាស់ហៅខ្លួនឯងថាជា «បុរសពន្ធគយ» បានអនុម័តពន្ធគយលើទំនិញនាំចូលក្នុងតម្លៃប្រហែល ៣៨០ពាន់លានដុល្លារនៅក្នុងអាណត្តិដំបូងរបស់គាត់។ ឥឡូវនេះ គាត់បានសន្យាថានឹងមានវិធានការកាន់តែទូលំទូលាយ រួមទាំងការដកហូតពន្ធគយក្នុងអត្រាពី ១០% ទៅ ២០% លើទំនិញនាំចូលអាមេរិកទាំងអស់ និង ៦០% លើទំនិញរបស់ប្រទេសចិន។
លោក ត្រាំ បាននិយាយថា ពន្ធនាំចូលអាចជួយបង្កើនប្រាក់ចំណូល និងកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងបង្កើនផលិតកម្មឡើងវិញ។ លើសពីនេះទៀត ដូចដែលលោក ត្រាំ បានបង្ហាញកាលពីលើកមុនក្នុងពេលកាន់តំណែង ប្រធានាធិបតីអាចសម្រេចចិត្តតែម្នាក់ឯងបានក្នុងការអនុវត្តការដកហូតពន្ធគយ។

Post a Comment