អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ - Read News TV

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់

ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញសេចក្តីបំភ្លឺ ស្តីពីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ! អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តា ជ្រាបថា កាលពីល្ងាចថ្ងៃពុធ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) បាន ចេញផ្សាយនូវព័ត៌មានដែលមានខ្លឹមសារអំពីការកាត់ទោសជនជាតិចិន និងបក្សពួកសរុបចំនួន ៣នាក់ នៅក្នុង សំណុំរឿងលាងលុយកខ្វក់នៅសហរដ្ឋអាម៉េរិក។ ក្នុងនោះ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) ក៏បានលើកឡើងថា ក្នុងចំណោមជនល្មើសដែលត្រូវបានចាប់ខ្លួនទាំង ៣នាក់នោះ មានម្នាក់ឈ្មោះ Daren Li ជាជនជាតិចិនមានសញ្ជាតិខ្មែរ។

ពាក់ព័ន្ធនឹងការផ្សាយខាងលើ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមបញ្ជាក់ជូនថា ឈ្មោះ Daren Li ធ្លាប់ចេញចូលប្រទេសកម្ពុជា ប៉ុន្តែឈ្មោះនេះពុំមានសញ្ជាតិខ្មែរទេ។ ផ្អែកតាមព័ត៌មានដែលបានចុះផ្សាយ ដោយគេហទំព័រផ្លូវការរបស់ក្រសួងយុត្តិធម៌ សហរដ្ឋអាម៉េរិក (U.S. Department of Justice) កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុំមានខ្លឹមសារណាមួយដែលបញ្ជាក់ថា ឈ្មោះ Daren Li មានសញ្ជាតិខ្មែរនោះទេ ដោយគ្រាន់តែបានបញ្ជាក់ថា ជននោះធ្លាប់ស្នាក់នៅកម្ពុជាតែប៉ុណ្ណោះ។

ការផ្សាយព័ត៌មានដែលមិនត្រឹមត្រូវ ដោយ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) អាចធ្វើឱ្យសាធារណមតិយល់ច្រឡំ និងប៉ះពាល់ដល់ កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។ ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមស្នើ វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) ធ្វើការកែតម្រូវព័ត៌មានខាងលើ និងចូលរួមទប់ស្កាត់ការផ្សាយព័ត៌មានមិនពិត ឬ ការលាបពណ៌ផ្សេងៗក្នុងចេតនាទុច្ចរិត ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់ប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការកត់សម្គាល់ថា ប៉ុន្មានខែចុងក្រោយនេះ មានការព្យាយាម ផ្សព្វផ្សាយព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយមួយចំនួនអំពីប្រទេសកម្ពុជា ដោយក្រុមជនទុច្ចរិតមួយ ក្តាប់តូចដែលមានបំណងសស្អុយឈ្មោះ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ ដើម្បីចូលរួមចំណែកលើកស្ទួយកិត្យានុភាពរបស់ជាតិ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមសំណូមពរដល់ បងប្អូនអ្នកសារព័ត៌មាននានា មេត្តាជួយផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ ដែលឆ្លុះបញ្ចាំងអំពីទិដ្ឋភាពជាក់ស្តែង និងចំណុចវិជ្ជមានជាច្រើនអំពីប្រទេសកម្ពុជាដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាខិតខំប្រឹងប្រែង សម្រេចបាននាពេលកន្លងមក។






Theme images by Radius Images. Powered by Blogger.