មន្ទីរសុខាភិបាលខេត្តតាកែវ ចេញបំភ្លឺព័ត៌មានពាក់ព័ន្ធករណីស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ដោយការផ្តល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា
តាកែវ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា ក្រោយបានទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖
១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះសុងហាក់ ម៉ារីណា ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត
២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួងសុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕




Post a Comment