អបអរសាទរ ទូក«តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ទទួលបានចំណាត់ថ្នាក់ លេខ១ ល្បឿនលឿន ក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ
ភ្នំពេញ៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលប្រព្រឹត្តធ្វើឡើងចាប់ពីថ្ងៃ១៤ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយពីធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ប្រកបទៅដោយភាតរភាព នៅក្នុងរយៈពេល៣ ថ្ងៃជាប់ៗគ្នា ជាលទ្ធផលបានរកឃើញទូកដែលទទួលចំណាត់ថ្នាក់លេខ១ គឺ រកឃើញហើយទូកអុំគូពិសេស ដែលដណ្តើមបានលេខ១ លេខ២ និងលេខ៣។
ទូកល្បឿនលឿនលេខ១ បានទៅលើទូកង «តេជោកែវវិជ័យបារមីចៅសែន» មកពីខេត្តពោធិ៍សាត់ ជាទូករបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់, ទូកលេខ២ បានទៅលើទូកង «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល ជាទូករបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយលេខ៣ បានទៅលើទូកង «កោះកេរធិបតី» មកពីខេត្តព្រះវិហារ ជាទូករបស់រដ្ឋបាលខេត្តព្រះវិហារ។
នាឱកាសដ៏មហានក្ខត្តឫក្សក្រោមព្រះវត្តមានដ៏ឧត្តុង្គឧត្តមបំផុត របស់ព្រះករុណាព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចុងបញ្ចប់នៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មការបច្ចេកទេសប្រណាំងទូកនៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានទូលនិងជម្រាបថា ទូកដែលបានចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងរយៈពេលបីថ្ងៃនៃព្រះរាជពិធីបុណ្យមានចំនួន ៣៤៨ ទូក ក្នុងនោះមានទូក ទូកអុំបុរស មាន១៧១ទូក ទូកចែវបុរស៤៤ទូក ទូកចែវនារី១ ទូកខ្នាតអន្តរជាតិបុរស ១២៩ទូក និងទូកខ្នាតអន្តរជាតិនារីមានចំនួន៣ទូក កម្លាំងចូលរួមអុំសរុបចំនួន ២២ពាន់០៤២នាក់ ។
តំណាងទូកងដែលទទួលបានចំណាត់ថ្នាក់លេខ ១ បានថ្លែងថា ការដែលទទួលបានជ័យជម្នះទៅក្នុងឆ្នាំ២០២៤ នេះ គឺដោយសារតែមានការចូលរួមហ្វឹកហាត់និងប្រើកម្លាំងសរុប សាមគ្គីគ្នាវិញជាធ្លុងមួយ ទើបទទួលបានជ័យជម្នះ នៅក្នុងពិធីបុណ្យអុំទូកនេះ ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបទៅដោយសុខសន្តិភាព បន្តពីសម្ដេចតេជោ ហ៊ុន សែន មានសុខសន្តិភាព ទើបមានពិធីបុណ្យជាតិ ដែលអាចឲ្យពួកគាត់និងប្រជាជនចូលរួមយ៉ាងសប្បាយរីករាយ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈពេល៣ថ្ងៃ ត្រូវបានបិទបញ្ចប់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ ក្រោមបរិយាកាសដ៏សប្បាយរីករាយ ដោយមានអ្នកចូលរួមលេងកម្សាន្ត និងទស្សនារាប់លាននាក់៕





































Post a Comment