អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បាក់ឌុប២០២៤៖ ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត - Read News TV

បាក់ឌុប២០២៤៖ ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ​បាន​ដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្ត ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤។

គួរបញ្ជាក់ថា នៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងចាប់ផ្តើមនៅទូទាំងប្រទេស។ ខណៈពេលវេលាកាន់កៀក ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងមន្ត្រីពាក់ព័ន្ធបានខិតខំបំពេញការងារខ្លួនយ៉ាសស្រាក់សស្រាំ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី០៥តុលានេះ ក្រសួងអប់រំ បានបង្ហោះនូវរូបភាពសកម្មភាពប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត មកទទួលផ្ទៀងផ្ទាត់និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន។

ស្របគ្នានេះ ក្រសួងអប់រំ បានបញ្ជាក់ថា គិតត្រឹមម៉ោង០៩:៤០ព្រឹក ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤នេះ ហឹបវិញ្ញាសាទាំងអស់ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ សំដៅទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេសហើយ ដើម្បីរក្សាទុកនិងត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអរគុណចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្មក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានាដើម្បីធានាបានថាការប្រឡងប្រព្រឹត្តទៅដោយរលូន។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ដើម្បីរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ឱ្យមានភាពរលូន និងគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៦ដែលមានដូចជា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល កងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពប្រឆាំងអំពើពុករលួយ អគ្គិសនីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

សូមជម្រាបដែរថា បញ្ជីឈ្មោះបេក្ខជន លេខតុ លេខបន្ទប់ និងបទប្បញ្ញត្តិផ្សេងៗទាក់ទងនឹងការប្រឡងនឹងត្រូវបិទនៅតាមមណ្ឌលប្រឡងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ចាប់ពីម៉ោង៩:០០ព្រឹកតទៅ។ រីឯចំនួនបេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិនៅឆ្នាំនេះ ក្រសួងបញ្ជាក់ថាមានចំនួនជាង១៣ម៉ឺននាក់៕

Theme images by Radius Images. Powered by Blogger.