សមត្ថកិច្ច បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិវៀតណាម ៨នាក់ ជាមួយគ្រឿងញៀនជាង ១០គីឡូក្រាម និងសារធាតុគីមីផ្សំជាង ៣០គីឡូក្រាម
ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១០) សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ៤គោលដៅផ្សេងគ្នា។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
យោងតាមរបាយការណ៍ បានឱ្យដឹងថា គោលដៅទី១ នៅចំណុចតាមបណ្តោយផ្លូវលេខ៤៣២ ក្បែរផ្សារទួលទំពូង សង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ, គោលដៅទី២ នៅចំណុចតាមបណ្តោយផ្លូវលេខ១៨២ ក្បែរស្តុបផ្សារដេប៉ូ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ, គោលដៅទី៣ នៅលេខបន្ទប់ B១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងគោលដៅទី៤ នៅចំណុចមុខបន្ទប់លេងB១៥ ជាន់ទី១៥ ក្នុងលំនៅដ្ឋានបុរីកីទ្បាអិល ផ្លូវលេខ២១៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចជំនាញ បានចាប់ខ្លួនជនល្មើសចំនួន ០៨នាក់ (ស្រី២នាក់) ជាជនជាតិវៀតណាម រួមមាន៖
ទី១៖ ឈ្មោះ ជឿង ថាន់មី (TRUONG THANH MY) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី២៖ ឈ្មោះ ង្វៀង ឌិនថឹង (NGUYEN DING THUAN) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម
ទី៣៖ ឈ្មោះ ហ្វាន ទៀងថាន់ (PHAN TIEN THANH) ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម
ទី៤៖ ឈ្មោះ ប៊ូយ ញឹកហ័ង (BUI NHAT HOANG) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
ទី៥៖ ឈ្មោះ ង្វៀង វឹងហាយ (NGUYEN VOENG HAY) ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិវៀតណាម
ទី៦៖ ឈ្មោះ ង្វៀង វឹងវ៉ាង (NGUYEN VOENG VANG) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម
ទី៧៖ ឈ្មោះ ដូ ធីមីហាន់ (DO THI MY HANH) ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
ទី៨៖ ឈ្មោះ ហូ ធីញ៉ឺវិន (HO THI NHU QUYNH) ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម។
វត្ថុតាងចាប់យករួមមានទី១៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (MDMA) ទម្ងន់ ៨៩៩,៣៩ក្រាម, ទី២៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ទម្ងន់ ១៤,១២ក្រាម, ទី៣៖ គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ៩៩០៤ក្រាម, ទី៤៖ សារធាតុគីមីផ្សំ ទម្ងន់សរុប ៣០៧៤៩ក្រាម ៣០គីឡូ៧៤៩ក្រាម។ វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១០៨១៧,៥១ក្រាម (១០គីឡូ ៨១៧,៥១ក្រាម)។
បច្ចុប្បន្នជនល្មើស និងវត្ថុតាងខាងលើ ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនធ្វើការសួរនាំ និងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕








Post a Comment