រយៈពេល៥ថ្ងៃ មានពលរដ្ឋជាង៨ម៉ឺននាក់ និងថវិកាជាង ៦សែនដុល្លារ បានចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា
ភ្នំពេញ៖ ក្នុងរយៈពេល ៥ថ្ងៃ ដោយគិតចាប់ពីពេលដែលយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ពោលគឺ ចាប់ពីពេលដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ១ ខែមិថុនា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋចំនួន ៨០.៦៩៨នាក់ បានចូលរួមបរិច្ចាគជាថវិកាសរុបចំនួន ១.៤២៨.៩៧៩.៣៧៩រៀល និង ៣០២.៥៧៧ ដុល្លារ ដោយសមមូលជាដុល្លារស្មើនឹង ៦៥៩.៨២២ ដុល្លារ។ នេះបើយោងតាមការឱ្យដឹងពី សម្តេចធិបតី ហ៊ុន ម៉ាណែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសរសេរក្នុងហ្វេសបុកផ្លូវការនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងនាមជាប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណដោយស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលមានទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃថ្លៃថ្លា ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ដោយបានគាំទ្រ និងចូលរួមបរិច្ចាគក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់ជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាផ្លូវការនៅថ្ងៃ ០១ មិថុនា ២០២៤ មិ្សលមិញនេះ។ ខ្ញុំនិងភរិយាពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះការចូលរួមដ៏ច្រើនលើសលប់របស់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រដល់យុទ្ធនាការដ៏មានសារៈសំខាន់នេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែន បានបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេល ១ខែពេញ ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ លោកក៏បានអំពាវនាវដល់សប្បុរសជនដែលមានបំណងចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ សូមមេត្តាបន្តចូលរួមគាំទ្រ រហូតដល់ថ្ងៃបិទយុទ្ធនាការ៕






Post a Comment