កងកម្លាំងអ៊ីស្រាអែល បន្តវាយប្រហារតំបន់ហ្កាហ្សា ខណៈសំណើបទឈប់បាញ់ថ្មី ត្រូវបានច្រានចោល
កងកម្លាំងអ៊ីស្រាអែល បានបន្តការវាយលុកយ៉ាងខ្លាំងទៅលើផ្នែកភាគកណ្តាល និងផ្នែកផ្សេងទៀត នៅតំបន់ហ្កាហ្សាស្ទ្រីប ខណៈក្រុមហាម៉ាស បដិសេធសំណើបទឈប់បាញ់ថ្មី។ យោធាអ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃពុធថា កងទ័ពរបស់ខ្លួន បានចាប់ផ្តើមសកម្មភាពប្រតិបត្តិការគោលដៅ នៅក្នុងតំបន់ប៊ូរ៉េច(Bureij) និងតំបន់ ឌា អាល់បាឡា (Deir al Balah) ភាគខាងកើត ក្នុងពេលតែមួយ។
អ៊ីស្រាអែល បានប្រកាន់ខ្ជាប់ថា ខ្លួនបានចាត់វិធានការដោយឈរលើមូលដ្ឋាននៃ «ព័ត៌មាននៃការស៊ើបការណ៍ ដែលបង្ហាញពីវត្តមានរបស់ក្រុមភេរវករ និងរចនាសម្ព័ន្ធក្រុមភេរវករ នៅខាងលើ និងក្រោមដី ក្នុងតំបន់នេះ។ យោធា និយាយថា កងទ័ព បានកំណត់ទីតាំងសព្វាវុធ និងកម្ចាត់ក្រុមភេរវករប្រដាប់អាវុធ។
ទន្ទឹមនឹងនេះ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ គ្រូពេទ្យគ្មានព្រំដែន បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស៧០នាក់ត្រូវបានសម្លាប់ និងជាង៣០០នាក់ បានរងរបួស ចាប់តាំងពីថ្ងៃអង្គារ បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគកណ្តាល។ ក្រុមនេះ ក៏បាននិយាយដែរថា ភាគច្រើននៃជនរងគ្រោះ គឺជាស្ត្រី និងកុមារ។
អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ បានកើនឡើងដល់៣៦.៥៨៦នាក់ ចាប់តាំងពីជម្លោះចាប់ផ្តើមនៅក្នុង ខែតុលា ឆ្នាំមុន។ ក្រុមអ៊ីស្លាមនិយមហាម៉ាស បាននិយាយថា ខ្លួននឹងមិនយល់ព្រមចំពោះសំណើចុងក្រោយ សម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរនោះទេ លុះត្រាតែអ៊ីស្រាអែល ធានាបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងការដកទ័ពចេញទាំងស្រុង។
ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា អ៊ីស្រាអែល បានធ្វើសំណើមួយទៅកាន់ក្រុមហាម៉ាស អំពីបទឈប់បាញ់រយៈពេលប្រាំមួយសប្តាហ៍ និងការដោះលែងចំណាប់ថ្នូរ។
កាលពីថ្ងៃពុធ ក្រុមអ្នកគាំទ្រគណបក្សនយោបាយស្តាំនិយម និងអ្នកផ្សេងទៀត បានចេញធ្វើបាតុកម្ម ឆ្ពោះទៅកាន់ភាគខាងកើតទីក្រុងហ្សេរុយសាឡឹម ជាតំបន់ដែលមានប្រជាជនប៉ាឡេស្ទីន ជាច្រើននាក់រស់នៅ។ ក្រុមបាតុករ បានអំពាវនាវឱ្យមានការបណ្តេញជនប៉ាឡេស្ទីន និងបន្តប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប៕



Post a Comment