អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! បង្ក្រាបទីតាំងសិប្បកម្មផលិត កែឆ្នៃថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅកណ្តាលរាជធានីភ្នំពេញ និងចាប់ខ្លួនជនសង្ស័យ៤នាក់ - Read News TV

បង្ក្រាបទីតាំងសិប្បកម្មផលិត កែឆ្នៃថ្នាំញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅកណ្តាលរាជធានីភ្នំពេញ និងចាប់ខ្លួនជនសង្ស័យ៤នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រើនីតិវិធីស្រាវជ្រាវ ឈានដល់ការបង្ក្រាបទីតាំងកែឆ្នៃផលិតផលសម្រេច ប្រភេទថ្នាំក្រវីកម្សាន្តសប្បាយនៅតាមក្លឹប បានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន ៤នាក់ ជាជនជាតិខ្មែរ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ថា សម្ភារដែលសមត្ថកិច្ចដកហូតបាននេះ មានដូចជា ថ្នាំញៀនផលិតរួចជាង ១៥គីឡូក្រាម ផលិតផលមិនទាន់សម្រេច និងសម្រេចខ្លះ រួមនឹងម៉ាស៊ីនអុកថ្នាំគ្រាប់(ក្រវី) ម៉ាស៊ីនអ៊ុតថង់ និងឧបករណ៍វេចខ្ចប់ជាច្រើនសន្ធឹកសន្ធាប់។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា មុនឈានដល់ការបង្ក្រាបនេះ កម្លាំងបានបើកការស្រាវជ្រាវអស់រយៈពេលជាង១ខែ និងបានសហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដោយមានការសម្របសម្រួលពីពី លោកព្រះរាជអាជ្ញារងខេត្តកណ្តាល ទើបសមត្ថកិច្ចបានកំណត់ទីតាំង និងមុខសញ្ញាបាន។ ក្នុងករណីនេះកម្លាំងសមត្ថកិច្ចបានឆ្មក់ចូលទីតាំងផលិត ដែលជនសង្ស័យជួលផ្ទះវីឡាមួយកន្លែងនៅម្តុំព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយសមត្ថកិច្ចសួរនាំតាមជំនាញ បាននាំខ្លួនជនសង្ស័យមកឆែកឆេរនៅបន្ទប់ខុនដូរមួយផ្សេងទៀតនៅក្នុងខណ្ឌជ្រោយចង្វារ ដែលជាទីតាំងស្តុកទុក ផលិតផលសម្រេច ងាយស្រួលក្នុងការចែកចាយបន្ត។

លោកនាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងទាំងអស់កម្លាំងជំនាញមន្ទីរ បានកសាងសំណុំរឿងតាមនីតិវិធីរួច និងប្រគល់ជូនស្នងការរដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕
Theme images by Radius Images. Powered by Blogger.