អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េយ៉ាងច្រើនកុះករអញ្ជើញទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីមកកាន់ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ - Read News TV

ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េយ៉ាងច្រើនកុះករអញ្ជើញទទួលស្វាគមន៍ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីមកកាន់ទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ

កូរ៉េខាងត្បូង៖ ប្រជាពលរដ្ឋ និស្សិត និងពលករខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ យ៉ាងច្រើនកុះករ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកូរ៉េខាងត្បូងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីធ្វើដំណើរជាង៥ម៉ោង នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូងហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី១៥ ដល់១៨ ខែឧសភា ឆ្នាំ២០២៤។
ដំណើរអញ្ជើញដល់ប្រទេសកូរ៉េខាងត្បូង សម្តេចធិបតី និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកូរ៉េខាងត្បូង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសកូរ៉េខាងត្បូង និងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះយ៉ាងច្រើនកុះករ។

លោកអូន សំអឿន ជាពលករខ្មែរដែលកំពុងបម្រើរការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង បានបង្ហាញ អារម្មណ៍សប្បាយរីករាយចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលអញ្ជីញមក ទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ រយៈពេល៤ថ្ងៃ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េខាងត្បូង។ លោកសង្ឃឹមជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសកូរ៉េខាងត្បូង នាពេលនេះ នឹងនាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងថែមមូយកម្រិតទៀត។

« ពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលទទួលដំណឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដឹកនាំប្រតិភូកម្ពុជា អញ្ជើញមកទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ ក្នុងនាមខ្ញុំជាពលករដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ខ្ញុំជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងនាំមុខនៅកាន់តែប្រសើរឡើងនូវទំនាក់ទំនងល្អ រវាងកម្ពុជាកូរ៉េឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។  ខ្ញុំសូមគោរពជូនពរសម្ដេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងគណៈប្រតិភូកម្ពុជាទាំងអស់ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរនិងជោគជ័យគ្រប់ភារកិច្ចការងារ។»

លោកខ្វាង លីគ័ង ជានិស្សិតដែលកំពុងតែបំពេញការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ សំដែងអារម្មណ៍រីករាយជាខ្លាំង មានភាពជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅកូរ៉េនាពេលនេះ នឹងនាំមកនូវផលប្រយោជន៍ជូនចំពោះប្រទេសកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េឱ្យកាន់តែមានភាពប្រសើរឡើងជាងមុន។

សំឡេង៖ « ខ្ញុំបាទសូមគោរពជូនពរចំពោះសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតព្រមទាំងគណៈប្រតិភូកម្ពុជា សូមធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងជោគជ័យចំពោះដំណើរទស្សនកិច្ចមួយនេះ ដើម្បីជាផលប្រយោជន៍ជូនប្រទេសកម្ពុជាទាំងមូលផងដែរ។» 

យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។ អញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។
ក្នុងទស្សនកិច្ចជាលើកដំបូងលើទឹកដីកូរ៉េខាងត្បូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមប្រធានាធិបតី យូន សកយ៉ល។ 

ក្នុងជំនួបនេះ នឹងពិភាក្សាស៊ីជម្រៅលើភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការ ពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធការអភិវឌ្ឍសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ៕






 

Theme images by Radius Images. Powered by Blogger.