អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ចិន ចាប់ផ្ដើមធ្វើសមយុទ្ធ «ដាក់ទណ្ឌ.កម្ម» ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីថ្មីទើបស្បថចូលកាន់តំណែងមិនទាន់ក្ដៅកៅអី - Read News TV

ចិន ចាប់ផ្ដើមធ្វើសមយុទ្ធ «ដាក់ទណ្ឌ.កម្ម» ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីថ្មីទើបស្បថចូលកាន់តំណែងមិនទាន់ក្ដៅកៅអី

ប៉េកាំង៖ យោធាតៃវ៉ាន់ បានចល័តកម្លាំងរបស់ខ្លួន ហើយបាននិយាយថា ខ្លួនមានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះ បន្ទាប់ពីចិនបានចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេល២ថ្ងៃ ជុំវិញកោះតៃវ៉ាន់ នាថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ក្នុងអ្វីដែលចិនបាននិយាយថា ជាការឆ្លើយតបទៅនឹង «ទង្វើផ្តាច់ខ្លួន»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់ ដែលស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន បានកើតឡើងត្រឹមតែ ៣ថ្ងៃ បន្ទាប់ពីលោក Lai Ching-te ចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជា «អ្នកបំបែកខ្លួន ដ៏គ្រោះថ្នាក់»។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានតាមឃ្លាំស្ដាប់សុន្ទរកថាបើក ក្នុងថ្ងៃឡើងតំណែងរបស់លោកកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ ដែលក្នុងនោះលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។

បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា ខ្លួនបានចាប់ផ្តើមសមយុទ្ធយោធារួមគ្នា ដែលមានការចូលរួមពីកងទ័ព កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់ នៅម៉ោង ៧:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក)។

បញ្ជាការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សមយុទ្ធកំពុងធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ ភាគខាងជើង ភាគខាងត្បូង និងខាងកើតនៃកោះតៃវ៉ាន់ ក៏ដូចជាតំបន់ប្រជុំកោះ Kinmen, Matsu, Wuqiu និងកោះ Dongyin ដែលគ្រប់គ្រងដោយតៃវ៉ាន់ផងដែរ»។

ខណៈក្រសួងការពារជាតិតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះនេះ ហើយមានទំនុកចិត្តថា វាអាចការពារទឹកដីរបស់ខ្លួន។

ក្រសួងបាននិយាយថា «ការចាប់ផ្តើមសមយុទ្ធយោធាក្នុងឱកាសនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីចិត្តគំនិតយោធានិយមរបស់ចិនផងដែរ»។

មន្ត្រីជាន់ខ្ពស់តៃវ៉ាន់ម្នាក់ ដែលនិយាយដោយមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា «សមយុទ្ធនេះ គឺជាផ្នែកមួយនៃសេណារីយ៉ូ ដែលតៃវ៉ាន់បានគិតទុកជាមុន ហើយថា រដ្ឋាភិបាលរបស់កោះនេះ បានដឹងទុកជាមុននៃចលនាយោធារបស់ចិន»។

យោធាចិនបាននិយាយថា សមយុទ្ធនេះផ្តោតទៅលើការល្បាតត្រៀមប្រយុទ្ធតាមផ្លូវអាកាសរួមគ្នា ការវាយប្រហារយ៉ាងជាក់លាក់លើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នាទាំងក្នុង និងក្រៅខ្សែសង្វាក់កោះ ដើម្បីសាកល្បង «សមត្ថភាពប្រយុទ្ធពិតប្រាកដរួម» នៃកងកម្លាំងយោធាចិន។


ជាមួយគ្នាបញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន នោះបានបន្ថែមថា «នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងខាងក្រៅ»។

សូមជម្រាបថា សមយុទ្ធនេះ បានកើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក Lai Ching-te បានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មី បន្ទាប់ពីអតីតប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsia Ing-wen និងបានអំពាវនាវឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន។ យ៉ាងណាម៉ិញ លោក Lai និយាយថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ ហើយបដិសេធការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង៕








Theme images by Radius Images. Powered by Blogger.