ចាប់បានហើយ! ករណីឃាតកម្មចាក់សម្លាប់ថៅកែលក់គ្រឿងសំណង់ នៅខេត្តឧត្តរមានជ័យ ប្លន់យកគ្រឿងអលង្កា
សៀមរាប៖ កម្លាំងអាវុធហត្ថខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យករណីប្លន់សម្លាប់ថៅកែគ្រឿងសំណង់នៅខេត្តឧត្តរមានជ័យបានចំនួន ២នាក់ កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការនេះ ក្រៅពីឃាត់ខ្លួនជនសង្ស័យបានពីរនាក់ សមត្ថកិច្ចអាវុធហត្ថ បានដកហូតវត្ថុតាងលោហធាតុពណ៌លឿង ខ្សែករ១ខ្សែ, ទូរសព្ទ២គ្រឿង, លោហធាតុពណ៌លឿងចិញ្ជៀន ២វង់, ម៉ូតូម៉ាក ហុងដាឃ្លីក ១គ្រឿង។
បច្ចុប្បន្ន ការិយាល័យជំនាញបានបញ្ជូនជនសង្ស័យ និងវត្ថុតាង ប្រគល់ជូនការិយាល័យជំនាញអាវុធហត្ថខេត្តឧត្តរមានជ័យ ដើម្បីបន្តនីតិវិធី។
សូមបញ្ជាក់ថា ដេប៉ូលក់គ្រឿងសំណង់ យីហោ ថា ស៊ី នាថ ស្ថិតក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានចោរចូលប្លន់សម្លាប់ វេលាម៉ោង៤ទៀបភ្លឺ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤។ ម្ចាស់ដេប៉ូលក់គ្រឿងសំណង់មាន ឈ្មោះ សួស សត្ថា អាយុ៥៥ឆ្នាំ៕




Post a Comment