អគ្គនាយកដា្ឋនគយ បំភ្លឺពាក់ព័ន្ធនឹកការចុះចាប់ទូរសព្ទជាង ១០០០គ្រឿង ពីក្នុងហាងលក់ទូរសព្ទមួយចំនួននៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានឱ្យដឹងថា ការចុះចាប់ និងដកហូតទូរសព្ទពីក្នុងហាងមួយចំនួន ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាពេលថ្មីៗកន្លងមកនេះ ដោយសារទូសព្ទទាំងនោះគ្មានពន្ធនាំចូល។
ក្នុងសេចក្តីបំភ្លឺរបស់ អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ថា ការចុះចាប់ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមកិច្ចសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះ រួមមាន ទូរសព្ទ ប្រេងម៉ាស៊ីន និងគ្រឿងអគ្គិសនីមួយចំនួន។
អគ្គនាយកដា្ឋនគយ និងរដ្ឋករកម្ពុជា បានលេីកឡេីងថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពី គយជាធរមាន ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុខទំនិញ ទូរសព្ទ ត្រូវបានចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្ដែង នាពេលចុះធ្វើអនុលោមភាពនៅតាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចពិនិត្យឃើញថា មានទូរសព្ទស្មាតហ្វូនថ្មីចំនួន ៣៥៦គ្រឿង និងទូរសព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយ និងពុំមានឯកសារបញ្ជាក់ពីប្រភពស្របច្បាប់។
បច្ចុប្បន្នទូរសព្ទទាំងនេះ ត្រូវបាននាំយកទៅថែរក្សាទុកជាបណ្ដោះអាសន្ននៅទីតាំងឈរជើងរបស់ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ ស្ថិតនៅភូមិ ហួច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយទៅតាមនីតិវិធី។ ចំពោះទូរសព្ទប្រើរួចដែលត្រូវបានរកឃើញថា ជាទំនិញទិញដូរក្នុងស្រុក នោះអង្គភាពគយ និងរដ្ឋាករមានសមត្ថកិច្ច នឹងប្រគល់ជូនម្ចាស់វិញ។
អគ្គនាយកដា្ឋនគយ ក៏បានឱ្យដឹងដែរថា កន្លងមក អគរ តែងចុះផ្សព្វផ្សាយជាប្រចាំ ក្នុងការបញ្ជ្រាបការយល់ដឹងដល់អាជីវករតាមអាជីវកម្មដ្ឋាននានា តាមរាជធានី-ខេត្ត ឱ្យស្វែងយល់ពីកាតព្វកិច្ចពន្ធ-អាករនាំចូល ជាពិសេសការតម្រូវឱ្យមានត្រាគយលើទំនិញកំណត់ពិសេសដូចជា ទូរសព្ទ និងគ្រឿងអេឡិកត្រូនិចមួយចំនួន ហើយក៏មានការបិទផ្សាយខិតបណ្ណអំពីការអនុវត្តកាតព្វកិច្ចពន្ធ-អាករនេះនៅតាមអាជីវកម្មដ្ឋានផងដែរ។
អគ្គនាយកដា្ឋនគយ ក៏បានអំពាវនាវឱ្យគ្រប់អង្គភាពស្ថាប័នពាក់ព័ន្ធ និងបណ្ដាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ចូលរួមគាំទ្រអនុវត្តច្បាប់តាមរយៈការជួញដូរ និងប្រើប្រាស់ទំនិញដែលបានបំពេញកាតព្វកិច្ចពន្ធ និងអាករត្រឹមត្រូវ ដើម្បីចូលរួមលើកកម្ពស់វប្បធម៌សារពើពន្ធនៅកម្ពុជាទាំងអស់គ្នា៕








Post a Comment