ផ្ទះ៤ខ្នង នៅស្រុកពញាក្រែក ត្រូវអគ្គិភ័យឆាបឆេះរងខូចខាតទាំងស្រុង ដោយសារទុរសេខ្សែភ្លើង
ខេត្តត្បូងឃ្មុំ៖ នៅវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីអគ្គិភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងធ្វើឲ្យផ្ទះពលរដ្ឋចំនួន ៤ ខ្នងជាប់ៗគ្នាត្រូវបានឆាប់ឆេះខូចខាតអស់ទាំងស្រុង។
ប្រភពពីប្រជាពលរដ្ឋដែលបានឲ្យដឹងថា ករណីឆាប់ឆេះផ្ទះប្រជាពលរដ្ឋ៤ខ្នងខាងលើគឺបណ្ដាលមកពីទុរសេឆ្លងចរន្តអគ្គិសនី និងធ្វេីឲ្យឆាប់ឆេះកាន់តែខ្លាំងឡើងទើបធ្វើឲ្យឆេះរាលទៅផ្ទះ៣ខ្នងជាប់គ្នាបន្តទៀត។បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យខាងលើ ដោយម្ចាស់ផ្ទះទី១មានឈ្មោះ ឈ្មោះខ្លេង ម៉ៅ ភេទប្រុសអាយុ៦៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx៨ម៉ែត្រ ទី ២ ឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៨ម៉ែត្រ ទី ៣ ឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx៩ម៉ែត្រ ទី៤ ឈ្មោះ នៅ សាំង ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។
ក្នុងហេតុការណ៍នេះផងដែរកម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍និងធ្វើការបាញ់ពន្លត់ដោយប្រើរថយន្តពន្លត់អគ្គិភ័យ អស់ចំនួន ៦ គ្រឿងនិងរថយន្តទឹករបស់ក្រុមហ៊ុនចំការកៅស៊ូក្រែកចំនួន០៤គ្រឿងទើបបាញ់ពន្លត់បានទាំងស្រុង។
លោកឧត្តមសេនីយ៍ត្រី ស៊ុយ ប៊ុនហ៊ាន ស្នងការរងទទួលផែនអគ្គិភ័យបានឲ្យដឹងថា ករណីអគ្គិភ័យក្នុងខេត្តត្បូងឃ្មុំគិតចាប់ពីខែមករា មកដល់ថ្ងៃទី ៧ ខែឧសភានេះ មានចំនួន ២៥ ករណី ក្នុងនោះមានករណីឆេះព្រៃឫស្សីច្រើនជាងគេ៕
Post a Comment