ខេត្តបន្ទាយមានជ័យ ប្រារព្ធខួបលើកទី ១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៤ ដោយទទួលថវិកាពីសប្បុរសជនជាង ២១ម៉ឺនដុល្លារ
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមវត្តមានរបស់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរខេត្ត កងរាជអាវុធហត្ថខេត្ត យោធា និងសប្បុរសជន ប្រហែលជាង ១.០០០នាក់។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ការប្រារព្ធអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ ក្នុងគោលបំណងរំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិករបស់កាកបាទក្រហម យល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមកក្នុងនោះបាន រៃអង្គាសថវិកាពីសប្បុរសធម៌ ពីមន្ត្រី សប្បុរសជន អាជីវករ មហាជនបានចំនួន ២១៦.០៤៧ដុល្លារអាមេរិក ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។
លោក អ៊ុំ រាត្រី បានបន្តថា ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើងចង់បង្ហាញពីបេសកកម្មមនុស្សធម៍របស់កាកបាទក្រហមកម្ពុជាជូនសាធារណជន ទាំងជាតិ និងអន្តរជាតិ តាមរយៈប្តេជ្ញាចិត្តខ្ពស់ របស់សមាគមជាតិ រួមជាមួយរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភាក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់វិស័យសុខភាពសាធារណៈ និងការពង្រឹងភាពធន់ របស់សហគមន៍ទៅនឹងការប្រែប្រួសអាកាសធាតុ កាកបាទក្រហមកម្ពុជាត្រូវការចាំបាច់នូវការជួយឧប្ថម្ភគាំទ្រពីសប្បុរសជន គ្រប់មជ្ឈដ្ឋាន ដើម្បីធានាបន្តនិរន្តភាពការងាររបស់ខ្លួន។
លោក បានមានប្រសាសន៍បន្តថា ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើង ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ និងគ្រប់ទីកន្លែងជួយកាត់បន្ថយភាពក្រីក្រ និងជួយការពារសេក្តីថ្លៃថ្នូរបស់ជនងាយរងគ្រោះ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិតាមរយៈវិស័យស្នូលការងារធំៗ។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានធ្វើការចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ រាប់ពាន់គ្រួសារ ក្នុងនោះ ជួយប្រជាពលរដ្ឋនៅ សង្គសីរាប់ពាន់សន្លឹក គ្រោះថ្នាក់ដោយខ្យល់កន្ត្រាក់ អគ្គិភ័យ ផ្ទុះមីន រន្ទះបាញ់ និងគ្រោះរាំងស្ងួត គ្រួសារទីទាល់ក្រ និងចាស់ជរាគ្មានទីពឹងជាដើម និងជំនួយសុខមាលភាពសង្គម រួមមាន អ្នកផ្ទុកមេរោគអេដស៍ គ្រោះថ្នាក់ចរាចរណ៍ និងផ្សេងៗទៀត៕










Post a Comment