ទូទាំងខេត្តបន្ទាយមានជ័យ បង្កើតសំរាមជិត ៤៦០តោន ក្នុងមួយថ្ងៃ
បន្ទាយមានជ័យ៖ ទូទាំងខេត្តបន្ទាយមានជ័យ បានបង្កើតសំរាមប្រមាណ ៤៥៩តោនក្នុងមួយថ្ងៃ ក្នុងអាត្រាប្រជាពលរដ្ឋចំនួន ៨១៦.៣៨២នាក់ ក្នុងនោះសម្រាប់ទីប្រជុំជនក្នុងក្រុង សិរីសោភ័ណផ្ទាល់ តាមការប៉ាន់ស្មានគឺមានសំរាមប្រមាណ ១២០តោនក្នុងមួយថ្ងៃ ហើយបរិមាណនេះ សំរាមប្រមាណ ៩០តោនប៉ុណ្ណោះ ត្រូវបានដឹកយកទៅចាក់នៅទីលាន។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន។
ថ្លែងក្នុងយុទ្ធនាការ «ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងផ្សព្វផ្សាយកន្ត្រកបរិស្ថាន» នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសរុបជាង ៤០០នាក់ ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា សំរាមដែលអ្នកក្រុងសិរីសោភ័ណ បង្កើតក្នុងនោះប្រហែល ៨០% ជាសំណល់សរីរាង្គ និង២០% ជាសំណល់ប្លាស្ទិក។លោករដ្ឋលេខាធិការបញ្ជាក់ថា នៅតាមទីប្រជុំជនធំៗ ប្រជាពលរដ្ឋម្នាក់ប្រើប្រាស់ថង់ប្លាស្ទិកពី ៣០ ទៅ ៤០ក្នុងមួយសប្តាហ៍។ ចំពោះ ក្រុងសិរីសោភ័ណ មានប្រជាពលរដ្ឋ ប្រមាណជាជិត ៨៨.៩៩៦នាក់ រស់នៅដោយមិនគិតពីភ្ញៀវទេសចរ ជាមធ្យមប្រើប្រាស់ថង់ប្លាស្ទិកប្រមាណពី ៤-៥ថង់ ក្នុងមួយថ្ងៃ ដូចនេះ យ៉ាងហោចណាស់ ក៏មានថង់ប្លាស្ទិកប្រមាណជាង ៣៥ ទៅ ៤៥ម៉ឺនថង់ដែរ ដែលបានប្រើប្រាស់ក្នុងមួយថ្ងៃ ខណៈភ្នំពេញមានការប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០លានថង់ប្លាស្ទិក ក្នុងមួយថ្ងៃៗ។
លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា បញ្ហាបរិស្ថានគឺជាបញ្ហាប្រឈមដ៏ចំបងមួយដែលពិភពលោកកំពុងមានការព្រួយបារម្ភ និងយកចិត្តទុកដាក់យ៉ាងខ្លាំង បញ្ហាទាំងនោះរួមមាន កំណើនប្រជាជន កំណើនតម្រូវការ ការកាប់ព្រៃឈើ ការកើនសំណល់រឹង-រាវ ការបំពុលទឹក ការបំពុលខ្យល់ ការបំពុលដី ដោយសារការគ្រប់គ្រងសំណល់មិនបានត្រឹមត្រូវល្អ។
លោកបានលើកឡើងថា ទោះបីជានៅក្នុងខេត្តបន្ទាយមានជ័យ របស់យើងជាខេត្តដែលមានទេសភាពល្អ សោភ័ណភាពស្រស់ស្អាតក៏ដោយ ក៏យើងត្រូវតែខិតខំប្រឹងប្រែងថែរក្សាបង្កើនកំលាំងថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំ និងរក្សាសោភ័ណភាពបរិស្ថានបន្ថែមទៀត តាមរយៈការចូលរួមទាំងអស់គ្នា អនុវត្តយន្តការស្អាតបី គឺស្អាតទឹក ស្អាតដី និងស្អាតខ្យល់៕





Post a Comment