ព្រះកេសទេវរូបចំនួន១ ប្រជាពលរដ្ឋប្រទះឃើញនៅជិតមាត់អូរ ចម្ងាយ២០ម៉ែត្រ ពីទួលប្រាសាទ ស្ថិតនៅភូមិគោកព្នៅ ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ៖ ព្រះកេសទេវរូបចំនួន១ ប្រជាពលរដ្ឋប្រទះឃើញនៅជិតមាត់អូរ ចម្ងាយ២០ម៉ែត្រពីទួលប្រាសាទ ស្ថិតនៅភូមិគោកព្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ បំណែកព្រះកេសទេវរូបនេះ ធ្វើពីថ្មភក់ ពណ៌ប្រផេះ មានកម្ពស់ ៣១សង់ទីម៉ែត្រ ទទឹង១៦សង់ទីម៉ែត្រ កម្រាស់ ១៣សង់ទីម៉ែត្រ អាចស្ថិតនៅក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) ស្ថិតនៅរចនាបថបាខែង ចុងស.វទី៩ និងដើមស.វទី១០។
តាមការរៀបរាប់របស់អ្នកស្រុកបានអោយដឹងថា៖ កាលពីថ្ងៃទី២១ អាជ្ញាធរឃុំបន្ទាយនាង បានស្តារអូរដើម្បី
ទុកទឹកអោយប្រជាពលរដ្ឋ ប្រើប្រាស់ក៏ស្រាប់តែបានប្រទះឃើញ រូបសំណាក់ព្រះកេសទេវរូប១អង្គ ដែលជាប្រភេទថ្មភក់មានទម្ងន់៥,៧ គីឡូក្រាម ដែលជាវត្ថុបុរាណ បន្សល់មករាប់រយឬពាន់ឆ្នាំមកនៅពេលដែលពួកគាត់យកមកលាងសម្អាត ស្រាប់តែ ព្រះភ័ក្រ ទេវរូបនោះ ហាក់បញ្ចេញនូវស្នាមញញឹម នឹងមានអភូតហេតុបានកើតឡើងដូចជាមេឃងងឹតនិងមានខ្យល់បោកបក់មកយ៉ាងខ្លាំងហើយពេលនោះក៏មានភ្លៀងរលឹមផងដែរ។
បន្ទាប់ពីប្រទះឃើញ ពលរដ្ឋបានប្រគលទៅឱ្យ កម្លាំងការិយាល័យនគរបាលការពារបេតិកភណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើម្បីយកទៅរក្សាទុក៕








Post a Comment