Facebook, Instagram និង Messenger គាំងជិត១ម៉ោង តើក្រុមហ៊ុន Meta ខាតលុយប៉ុន្មាន?
កាលពីយប់ថ្ងៃអង្គារ ទី៥ខែមីនា ឆ្នាំ២០២៤ Facebook, Instagram និង Messenger ត្រូវគាំងទូទាំងពិភពលោកដោយសារបញ្ហាបច្ចេកទេស ដែលធ្វើឲ្យអ្នកប្រើប្រាស់មិនអាច Log in ផ្ញើឬទទួលសារបាន ហើយបើយោងតាមគេហទំព័រ GBN, ក្រុមហ៊ុនមេគឺ Meta ដែលដឹកនាំដោយ លោក Mark Zuckerberg បានធ្លាក់តម្លៃ១,៥% ពោលគឺក្រុមហ៊ុនត្រូវខាតលុយប្រមាណ១៨ពាន់លានដុល្លារ។
ក្រុមហ៊ុននេះរកបានប្រាក់ចំណូលភាគច្រើន តាមរយៈការផ្សាយពាណិជ្ជកម្ម ដូចនេះគ្មានអ្វីត្រូវសង្ស័យឡើយដែលថា ចំណូលរបស់ខ្លួនត្រូវទាញទម្លាក់ដោយសារតែបញ្ហានេះ។
មនុស្សមួយចំនួនដែលជួបប្រទះបញ្ហានេះ ដំបូងគិតថា គណនីរបស់ពួកគេអាចត្រូវបានគេ Hack ប៉ុន្តែមានការបង្ហោះជាង ៨០ ០០០ ផូសនៅលើបណ្តាញសង្គម X ដែលអះអាងថា Facebook និង Instagram កំពុងគាំង។
ភ្លាមៗនោះ លោក Andy Stone អ្នកនាំពាក្យក្រុមហ៊ុន Meta បានបញ្ជាក់នៅលើ X ថា “បញ្ហាបច្ចេកទេស បណ្តាលឲ្យមនុស្សពិបាកចូលប្រើប្រាស់សេវាកម្មមួយចំនួនរបស់យើង។ យើងនឹងដោះស្រាយបញ្ហាឲ្យបានលឿនតាមលទ្ធភាព សម្រាប់អ្នកគ្រប់គ្នាដែលរងផលប៉ះពាល់ ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួល”។
សូមបញ្ជាក់ថា នៅយប់ថ្ងៃអង្គារ ទី៥ ខែមីនា Facebook ក្នុងប្រទេសកម្ពុជា ត្រូវជួបបញ្ហាជាប់គាំងរយៈពេល១ម៉ោងពោលគឺចាប់ពីម៉ោង ១០ និង ៣៩នាទីយប់ រហូតដល់ម៉ោង ១១ និង ៣០នាទីយប់ ទើបដំណើរដូចប្រក្រតីវិញ។
ការប្រកាសរបស់លោក Mark Zuckerberg នៅម៉ោង ១០:៣៩នាទី
សម្រាប់បញ្ហានេះ បណ្ដាញសង្គម Facebook ហាក់ដូចលុបចោលនូវគណនីអ្នកប្រើប្រាស់ ធ្វើឲ្យអ្នកប្រើប្រាស់មិនអាចចូលគណនីរបស់ពួកគេបានឡើយ។ ចំណែក Instagram ហាក់លុបទិន្នន័យរបស់អ្នកប្រើប្រាស់ដូចជារូបថត និងវីដេអូឃ្លីប ជាដើម៕
.jpeg)


Post a Comment