សមត្ថកិច្ចកម្ពុជា ត្រៀមបណ្តេញជនជាតិម៉ាឡេស៉ី និងឥណ្ឌូនស៉ី ១៧នាក់ ចេញពីកម្ពុជា បន្ទាប់ពីពាក់ព័ន្ធនឹងគ្រឿងញៀន ក្នុងប្រតិបត្តិការបង្ក្រាបក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ នៅក្រុងសំពៅពូន
ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនជាតិម៉ាឡេស៉ីចំនួន ៣នាក់ និងជនជាតិឥណ្ឌូនេស៉ីចំនួន ១៤នាក់ ជូនអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីរៀបចំឯកសារត្រៀបបណ្តេញចេញកម្ពុជា បន្ទាប់ពីពួកគេត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជនជាតិម៉ាឡេស៉ី និងឥណ្ឌូនេស៉ី សរុបទាំង១៧នាក់ ដែលឃាត់ខ្លួនបានកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចរាល់ហើយ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំឯកសារបណ្តេញពីកម្ពុជា។
សូមជម្រាបថា ប្រតិបត្តិការបង្ក្រាបក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើស ជួញដូរ សម្រួលចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការ។
ដោយឡែកសម្រាប់អ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន រួមមាន ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាល ស្តានីតិសម្បទា។
ចំណែកវត្ថុតាងចាប់យកបាន រួមមាន សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩.៧២ក្រាម, អ៉ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨.៥២ក្រាម។
គួរបញ្ជាក់ផងចំពោះដែរ ទីតាំងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ អង្គភាពសារព័ត៌មាន យើងបានចុះផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ( ទីតាំង KTV មួយកន្លែងបើកទទួលភ្ញៀវ ចូលប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹគគគ្រេង សមត្ថកិច្ចក្នុងតំបន់ មើលមិនឃើញ (មានវីដេអូ) ) ។







Post a Comment