អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង និងដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនថែមទៀត - Read News TV

នាយឧត្តមសេនីយ៍ សៅ សុខា៖ ការផ្លាស់ប្តូរតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង និងដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនថែមទៀត

កំពង់ឆ្នាំង៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា កិច្ចការងារផ្លាស់ប្តូរ តែងតាំងមុខតំណែងរបស់មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថ គឺជាកិច្ចដំណើរការទូទៅ ក្នុងការពង្រឹងនូវប្រសិទ្ធិភាពការងារគ្រប់គ្រង ដឹកនាំអង្គភាព ឱ្យកាន់តែរីកចម្រើនប្រសើរឡើងថែមទៀត នៅតាមមូលដ្នាននីមួយៗ។

ការលើកឡើងបែបនេះរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងឳកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីក្រកាសចូលកាន់តំណែងមេបញ្ជាការថ្មី កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ផងដែរ។

លោកនាយឧត្តមសេនីយ៍ សៅ សុខា បានផ្តាំផ្ញើ ដល់លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដែលទើបចូលកាន់តំណែងថ្មី ត្រូវតែខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អបន្ថែមទៀត ហើយត្រូវតែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ មានក្រមសីលធម៌ទៅលើការអនុវត្តច្បាប់ ដោយផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ។ ជាមួយនេះក៏ត្រូវចូលរួមពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ មានសុវត្ថិភាព» និងការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរយជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឲ្យបានល្អប្រសើរ។

សូមជម្រាបថា ក្រសួងការពារជាតិ បានសម្រេចតែងតាំង លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ជំនួសលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ដែលត្រូវបានផ្លាស់ប្តូរទៅកាន់ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ៕









Theme images by Radius Images. Powered by Blogger.