យប់ថ្ងៃទី១នៃការពិនិត្យជាតិអាល់កុលសមត្ថកិច្ចរកឃើញយានយន្ដល្មើសជាតិស្រវឹង២៣គ្រឿង
នៅយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌចំណុះឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលឡើងវិញ។ ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលក្នុងយប់ទី១នេះ សមត្ថកិច្ចបានឃាត់យានយន្តល្មើសសរុបចំនួន២៣៤គ្រឿង ក្នុងនោះមានរថយន្តចំនួន៥គ្រឿងនិងម៉ូតូចំនួន២២៩គ្រឿង។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីយប់ថ្ងៃទី២៥មករា មានករណីល្មើសជាតិស្រវឹងសរុបចំនួន២៣គ្រឿង ដែលល្មើសចាប់ពីកម្រិត០.២៥ - ០.៣៩ mg/L មានចំនួន៧គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូចំនួន៤នាក់, អ្នកបើកបររថយន្តចំនួន៣នាក់។ ចំពោះអ្នកលើសជាតិស្រវឹងដល់កម្រិត០.៤៩mg/Lឡើង មានចំនួន១៦គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូចំនួន១៤នាក់ និងអ្នកបើកបររថយន្តមានចំនួន២នាក់។ ជាមួយគ្នានេះសមត្ថកិច្ចក៏បានរកឃើញបទល្មើសផ្សេងៗចំនួន២១១គ្រឿងដែរ ដែលក្នុងនោះរួមមានអត់មួកសុវត្ថិភាព ចំនួន២០៤គ្រឿង, គ្មានកញ្ចក់មើលក្រោយចំនួន២គ្រឿង, កែច្នៃស៊ីម៉ាំងចំនួន២គ្រឿង និងម៉ូតូគ្មានផ្លាកលេខចំនួន៣គ្រឿង។
ការចេញអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលឡើងវិញនេះ គឺបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់លោក ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យរឹតបណ្តឹងចំពោះការត្រួតពិនិត្យជាតិអាល់កុល ដោយសម្តេចបានសង្កេតឃើញថា សោកនាដកម្មដោយសារគ្រោះថ្នាក់ចរាចរណ៍ហាក់កើនឡើងគួរឱ្យព្រួយបារម្ភ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះសម្តេចធិបតីក៏បានចេញបញ្ជាដល់សមត្ថកិច្ចទាំងអស់ថា ក្នុងករណីមានបទល្មើសជាក់ស្ដែង ដូចជាករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ មិនចាំបាច់សុំគោលការណ៍នោះទេត្រូវឃាត់ខ្លួនតែម្តង ហើយបើហ៊ានតវ៉ាគឺត្រូវតែវ៉ៃខ្នោះ។
សូមជម្រាបថា បច្ចុប្បន្នក្រសួងមហាផ្ទៃក៏កំពុងសិក្សាបង្កើតប្រព័ន្ធផ្ទុកទិន្នន័យ ឬ Black List កត់ត្រាជនទាំងឡាយណាដែលបើកបរក្នុងស្ថានភាពស្រវឹង ហើយបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមានអ្នករងរបួស ឬស្លាប់។ បញ្ជីខ្មៅដែលរដ្ឋមន្រ្តីក្រសួងមហាផ្ទៃណែនាំឱ្យបង្កើតនេះ គឺដើម្បីដាក់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួនពីកន្លែងកើតហេតុ។ អ្នកជាប់ក្នុងបញ្ជីខ្មៅនេះនឹងត្រូវអនុវត្តទោសធ្ងន់ធ្ងរជាងធម្មតា។ បើតាមរបាយការណ៍ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១,៥០០នាក់ បានស្លាប់នៅលើដងផ្លូវដោយសារគ្រោះថ្នាក់ចរាចរណ៍៕

Post a Comment