ចិនម្នាក់បើករថយន្តបុករះតូបលក់ដូរ រួចរត់គេច តែត្រូវពលរដ្ឋដេញតាមចាប់ផ្អើលផ្លូវ៦០ម៉ែត្រ
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ បើករថយន្តម៉ាក FOTERNER ស្ថិតក្នុងស្ថានភាពស្រវឹង រួចក៏រេចង្កូតជ្រុលទៅបុ.ករះកន្លែងលក់ភេសជ្ជៈ រទេះមីឆា និងគ្រឿងក្លែម បណ្ដាលឱ្យរងការខូចខាតពេញផ្លូវ ហើយអ្នកបើកបររថយន្តមិនព្រមឈប់ទទួលខុសត្រូវនោះទេ បែរជាព្យាយាមបើករត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋជួយដេញតាមឃាត់បានមកវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចទល់មុខផ្សារទំនើបអ៊ីអន៣ ផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា «មុនពេលកើតហេតុ គេបានឃើញបុរសជាជនជាតិចិនម្នាក់បើករថយន្តម៉ាក FOTERNER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AQ 6138 ធ្វើដំណើរតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃ ហើយជ្រុលទៅបុ.ករះកន្លែងលក់មីឆា ភេសជ្ជៈគ្រប់មុខ និងគ្រឿងក្លែមទៀត បណ្ដាលឱ្យរងការខូចខាតខូចខាតខ្ទាតរប៉ាត់រប៉ាយពាសពេញដងផ្លូវតែម្ដង និងធ្វើឱ្យខូចខាតម៉ូតូស៊ុយសុគីវីវ៉ាមួយគ្រឿងថែមទៀត តែសំណាងល្អ មិនបង្កគ្រោះថ្នាក់ដល់ជីវិ.តមនុស្ស»។
ប្រភពដដែលបន្តថា «ដោយឡែកខាងរថយន្តបង្កវិញ មិនបានឈប់ទទួលខុសត្រូវនោះទេ គឺព្យាយាមបើករត់គេចខ្លួនទាំងរថយន្ដរងការខូចខាតអស់មួយចំហៀងខាងឆ្វេង រហូតមកដល់ច្រកចូលបុរីប៉េងហួត ផ្លូវ៥០ម៉ែត្រ ស្ថិតសង្កាត់ជើងឯក ខណ្ឌដង្កោ ក៏ត្រូវប្រជាពលរដ្ឋដែលឃើញហេតុការណ៍ជួយដេ.ញកាក់ ឃាត់បានទាំងរថយន្ត និងអ្នកបើកបរដែលជាជនជាតិចិនស្ថិតក្នុងស្ថានភាពស្រវឹងនោះ រួចប្រគល់ឱ្យសមត្ថកិច្ចជំនាញចាត់ការតែម្ដង»។
ក្រោយពេលកើតហេតុ ដោយសារតែមិនដោះស្រាយគ្នាបាន រថយន្ត រួមទាំងអ្នកបើកបរ ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទៅនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដំណោះស្រាយនៅពេលក្រោយជាបន្តទៀត៕








Post a Comment