ចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សា ពីការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងដល់ ២៤.៤៤៨នាក់
ក្រសួងសុខាភិបាលប៉ាឡេស្ទីន ស្ថិតក្នុងតំបន់រងការឡោមព័ទ្ធដោយអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីខែតុលាមក បានកើនឡើងដល់ ២៤.៤៤៨នាក់ ។
ក្រសួងនៅក្នុងសេចក្តីថ្លែងការណ៍មួយបាននិយាយថា មនុស្ស៦១.៥០៤នាក់ នាក់ផ្សេងទៀតបានរងរបួសផងដែរ ដោយបន្ថែមថា កងកម្លាំងអ៊ីស្រាអែលបានប្រព្រឹត្តការសម្លាប់រង្គាល ១៦លើក នៅទូទាំងដែនដីឆ្នេរសមុទ្រមួយនេះ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ ដែលបណ្តាលឱ្យមនុស្ស១៦៣ នាក់បានស្លាប់ និង ៣៥០ នាក់ផ្សេងទៀតបានរងរបួស។
ក្រសួងនេះ បាននិយាយថា មនុស្សជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ហើយអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបានទេ។
អ៊ីស្រាអែលបានវាយលុកតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា ដោយក្រុមហាម៉ាសប៉ាឡេស្ទីន ក្នុងនោះជនជាតិអ៊ីស្រាអែលជិត១.២០០នាក់ នាក់ត្រូវបានគេជឿថាត្រូវបានសម្លាប់។
យោងតាមអង្គការសហប្រជាជាតិ ប្រហែល ៨៥% នៃពលរដ្ឋហ្កាហ្សា ត្រូវបានភៀសខ្លួនដោយការវាយសម្រុកឥតឈប់ឈររបស់អ៊ីស្រាអែល ខណៈពួកគេទាំងអស់កំពុងរស់នៅដោយគ្មានសុវត្ថិភាពនិងអាហារហូបចុកគ្រប់គ្រាន់។ មនុស្សរាប់រយពាន់នាក់កំពុងរស់នៅដោយគ្មានទីជំរក ហើយតិចជាងពាក់កណ្តាលនៃរថយន្តជំនួយកំពុងចូលទៅក្នុងដែនដីជាងមុនពេលចាប់ផ្តើមជម្លោះ។
ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃអង្គារបានក្រើនរម្លឹកជាថ្មីនូវការអំពាវនាវរបស់លោកឲ្យមានបទឈប់បាញ់មនុស្សធម៌ដើម្បីធានាបានជំនួយគ្រប់គ្រាន់ចូលទៅកាន់កន្លែងដែលពលរដ្ឋត្រូវការ និងជួយសម្រួលដល់ការដោះលែងចំណាប់ខ្មាំង៕


Post a Comment