អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ​បុរស​ស្វីស​សុខ​ចិត្ត​កាត់ដៃ​ខ្លួន​ឯង​ម្ខាង​ដើម្បី​រំដោះ​ខ្លួន​ពី​ខ្លា​ឃ្មុំ​ - Read News TV

​បុរស​ស្វីស​សុខ​ចិត្ត​កាត់ដៃ​ខ្លួន​ឯង​ម្ខាង​ដើម្បី​រំដោះ​ខ្លួន​ពី​ខ្លា​ឃ្មុំ​

ខេត្ត​ឆៀង​ម៉ៃ៖ ​នេះ​ជា​មនុស្ស​មាន​ឧត្ដម​គតិ​ខ្ពស់ និង​​មាន​សន្ដាន​ចិត្ត​ល្អ​កម្រ​រក​បាន​ប្រហែល​មួយ​លាន​នាក់​មាន​តែ​ម្នាក់​ហ្នឹង​ទេ​​មើល​ទៅ​។​ នៅ​សួន​សត្វ​ខេត្ត​ឆៀងម៉ៃ ប្រទេ​ស​ថៃ​ មាន​ហេតុ​ការណ៍​ដ៏​រន្ធត់​មួយ​កើត​ឡើង​ចំពោះ​បុរស​ជន​ជាតិ​ស្វីស​ដែល​​​ជា​​អ្នក​ទេស​ចរ​ និង​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​សួន​សត្វ​​។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ នៅ​​ពេល​​គាត់​​​យក​ចំណី​ឱ្យ​ខ្លា​ឃ្មុំ​មួយ​ក្បាល​សម្បុរ​ខ្មៅ​ក្រិប​​ដើម្បី​ឱ្យ​វា​ស៊ី​  ស្រាប់​តែ​វា​ហក់​មក​ខាំ​គាត់​មួយ​ទំហឹងជាប់​ចង្កូម​របស់​វា​នៅ​នឹង​ដៃ​ស្ដាំ​របស់​គាត់​។

​​ខ្លា​ឃ្មុំ​កំណាច​​នេះ​ខាំ​មិន​ព្រម​លែង ធ្វើ​ឱ្យ​គាត់​បារម្ភ​ថា​​​បើ​សំកុក​យូរ​ត​ទៅ​ទៀត​ គាត់​អាច​នឹង​ប្រឈម​នឹង​គ្រោះ​ថ្នាក់​កាន់​តែ​ខ្លាំង​។ ដូច​នេះ ​កាំ​បិត​មុត​ស្រួច​នៅ​នឹង​ដៃ​របស់​គាត់​ដែល​ប្រើ​សម្រាប់​ចិត​បន្លែ-ផ្លែ​ឈើ​ឱ្យ​ខ្លា​ឃ្មុំ​ស៊ី គាត់​សុខ​ចិត្ត​មិន​ធ្វើ​​អ្វី​ខ្លា​ឃ្មុំ​ទេ​ ប៉ុន្តែ​សុខ​ចិត្ត​កាត់​ផ្ដាច់​ដៃ​ខ្លួន​ឯង​មួយ​ចំហៀង​ចោល​ឡើង​ដាច់​​ត្មិល​តែ​ម្ដង​។​ ព្រឹត្តិ​ការណ៍​នេះគ្រាន់​តែ​ស្ដាប់​ឡើង​ព្រឺ​សម្បុរ​។

សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​នោះ​ផ្ទាល់​ភ្នែក​សម្ដែង​ការ​កោត​សរ​សើរ​មិន​ដាច់​ពី​មាត់​ចំពោះ​បុរស​ដែល​ហ៊ាន​ធ្វើ​ពលិ​កម្ម​ដល់​ថ្នាក់​នេះ​។ ​​បុរស​ជន​ជាតិ​ស្វីស​ជា​​រង​គ្រោះ​​ឈ្មោះ​ស្ទេ​ហ្វាន (Stefan) អាយុ​៣២​ឆ្នាំ​ ​​យក​ចំណី​​ទៅ​​ឱ្យ​ខ្លា​ឃ្មុំ​ដែល​គេ​ដាក់​នៅ​ក្នុង​ទ្រុង​​។ ​​នៅ​ពេល​លូក​ដៃ​យក​ចំណី​ចូល​ទៅ​ក្នុង​ទ្រុង​ ​គាត់​​ស្រាប់​តែ​ជាប់​ដៃ​នៅ​ក្នុង​នោះមួយ​រំពេច​​​​។ ​គាត់​ក៏​ប្រញាប់​ដក​ដៃ​ចេញ​ដែរ។​​ ប៉ុន្តែខ្លា​ឃ្មុំ​​រហ័ស​ដូច​ផ្លេក​បន្ទោរ​។​ ត្រឹម​តែ​មួយ​​ប៉​ប្រិច​ភ្នែក​ វា​ខាំ​ត្របាក់​ដៃ​ស្ដាំ​របស់​គាត់​ជាប់​។​​ មិន​រង់​ចាំយូរទេ​ គាត់​​​ស្រវា​បាន​កាំ​បិត​មុត​ស្រួច​​ និង​​កាត់​​​ដៃ​ចោល​​​ភ្លាម​ៗ​ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ហេតុ​ការណ៍​​​ដ៏​ព្រឺ​ព្រួច​គួរ​ឱ្យ​ញញើត​នេះ​។

អ្នក​នៅ​ក្បែរ​នោះ​ក៏​ប្រញាប់​ជួយ​សង្គ្រោះ​គាត់​ និង​ដឹក​គាត់​ទៅ​មន្ទីរ​ពេទ្យ​។ ក្រោយ​មក​ គេ​បញ្ជូន​គាត់​បន្ត​ទៅ​មន្ទីរ​ពេទ្យ​ឯក​ជន​នៅ​ខេត្ត​ឆៀង​ម៉ៃ​ដដែល​។​​ ​គ្រូ​ពេទ្យពិនិត្យ​ឃើញ​ថា​​សម្រេច​ចិត្ត​​​​កាត់​ដៃ​ស្ដាំ​ត្រឹម​គន្លាក់​កែង​ដៃ​​​ដោយ​ឥត​បង្អែរ​បង្អង់ និង​​ឥត​សោក​ស្ដាយ​។ គ្រូ​ពេទ្យក៏​រៀប​ចំ​វះ​កាត់​មុខ​របួស​ជូន​គាត់​។ ​គេ​មិន​ទាន់​ដឹង​ថា​តើ​អាច​ត​ភ្ជាប់​សរសៃ​ដៃ និង​ឆ្អឹង​វិញ​បាន​ដែរ​ ឬ​ទេ ​បើ​ដាច់​ចេញ​ពី​គ្នា​បែប​នេះ​ទៅ​ហើយ​។ ចំពោះ​វីរៈ​ភាព​ដ៏​អង់​អាច​ក្លាហាន​នេះ​ គាត់​ត្រូវ​គេ​កោត​​​សរ​សើរ​មិន​ដាច់​ពី​មាត់​។

​​​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ថៃ​​បារម្ភ​អំពី​បញ្ហា​មុខ​របួស​របស់​គាត់​។ អ្នក​ខ្លះ​​​កោត​សរ​សើរ​ចំពោះ​សន្ដាន​ចិត្ត​ដ៏​ប្រពៃ​ដែល​ហ៊ាន​​​ធ្វើ​ពលិ​កម្ម​ខ្លួន​ឯង​ដើម្បី​សេចក្ដី​សុខ​របស់​សត្វ​ព្រៃ​ ខណៈ​ដែល​អ្នក​ខ្លះ​ចូល​ចិត្ត​បរិ​ភោគ​សត្វ​ព្រៃ​ជា​​ចំណី​អាហារ​​​។​ រឹត​តែ​គួរ​ឱ្យ​កោត​សរ​សើរ​ទៀត​នោះ គាត់​មាន​ចិត្ត​ក្លាហាន និង​​សម្រេច​ចិត្ត​លះ​ៗ​​ដើម្បី​​កាត់​​​ដៃ​ខ្លួន​ឯង​​​។ អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​បញ្ចេញ​មតិ​ថា​គាត់​​កាត់​ដៃ​ខ្លួន​ឯង​ ​ប៉ុន្តែ​​មិន​​​ប៉ះ​ពាល់​ខ្លា​ឃ្មុំ​។ ​​សូម​គោរព​​​ទឹក​ចិត្ត​​របស់​គាត់​ដែល​ស្រឡាញ់​សត្វ​។

អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា​បុរស​រូប​នេះ​ជា​មនុស្ស​​ចិត្ត​ហ៊ាន​មែន​ទែន​។ សូម​ជូន​ពរ​ឱ្យ​គាត់​​វះ​​កាត់​មុខ​របួស​ដោយ​ជោគ​ជ័យ​។ អ្នក​ខ្លះ​ទៀត​បញ្ចេញ​មតិ​ថា​គាត់​សុខ​ចិត្ត​​បាត់​បង់​ដៃ​របស់​ខ្លួន​ឯង ប៉ុន្តែ​មិន​ប៉ះ​ពាល់​​អាយុ​ជីវិត​របស់​សត្វ​។ សង្ឃឹម​ថា​គាត់​នឹង​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​ឆាប់​ៗ​នេះ​។ អ្នក​ខ្លះ​ទៀត​គិត​ថា​បើ​គាត់​យក​កាំ​បិត​ចាក់​ខ្លា​ឃ្មុំ​នោះ​ក៏​បាន​ដែរ​​ដើម្បី​យក​រួច​ខ្លួន​។ ប៉ុន្តែ​គាត់​សុខ​ចិត្ត​ប្រើ​វិធី​ផ្សេង​វិញ​។ គាត់​ពិត​ជា​មនុស្ស​ដែល​មាន​សន្ដាន​ចិត្ត​ល្អ​ប្រពៃ​បំផុត​​។

សារ​ព័ត៌​មាន​ថៃ​ចុះ​ផ្សាយ​ថា​ខ្លា​ឃ្មុំ​ដែល​ខាំ​ដៃ​បុរស​ជន​ជាតិ​ស្វីស​ខាង​លើ​នេះ​ជា​សត្វ​ដែល​គេ​បាន​ជួយ​សង្គ្រោះ​កាល​ពី​ឆ្នាំ​២០១៣ នៅ​ពេល​វា​ដើរ​ដាច់​សង្វែង​​​នៅ​ក្នុង​ព្រៃ​។ មុន​ដំបូង គេ​យក​វា​ទៅ​ដាក់​នៅ​​ក្នុង​សួន​សត្វ​នៃ​ស្រុក​ឆៀង​ដាវ (Chiang Dao)​​។ ក្រោយ​មក​ គេ​ផ្ទេរ​វា​មក​កាន់​សួន​សត្វ​ដែល​កើត​ហេតុ​នេះ​៕​​



ប្រភព៖ Bangkok Post, The Thaiger, Asean Now
https://aseannow.com/topic/1318081-swiss-tourist-attacked-by-buffalo-bear-while-feeding-in-chiang-dao/
https://thethaiger.com/news/national/bear-necessity-swiss-man-sacrifices-arm-in-bear-attack
https://www.bangkokpost.com/thailand/general/2731120/swiss-volunteer-seriously-hurt-in-bear-attack-in-chiang-mai

Theme images by Radius Images. Powered by Blogger.