ពន្ធដារណែនាំឱ្យអ្នកសារព័ត៌មាន២ប្រភេទបំពេញកាតព្វកិច្ចសារពើពន្ធដើម្បីរួចពន្ធប៉ាតង់៥ឆ្នាំ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ដោយចាត់ជាបន្ទុករបស់រដ្ឋនូវពន្ធប៉ាតង់ប្រចាំឆ្នាំដល់អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលបាននិងកំពុងធ្វើសកម្មភាពអាជីវកម្មសារព័ត៌មាននៅកម្ពុជា រយៈពេល៥ឆ្នាំ រាប់ចាប់ពីឆ្នាំ២០២៣នេះ រហូតដល់ឆ្នាំ២០២៨ខាងមុខ។ អ្នកសារព័ត៌មានទាំងពីរប្រភេទនេះ ត្រូវបានចាត់ចូលទៅក្នុងចំណាត់ថ្នាក់ជាអ្នកជាប់ពន្ធតូច។ នេះបើយោងតាមសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ថា អ្នកសារព័ត៌មានកាសែត និងសារព័ត៌មានអនឡាញ ដែលទទួលបានការលើកលែងការបង់ពន្ធប៉ាតង់នេះ ត្រូវប្រកាសពន្ធប៉ាតង់ប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញ ប៉ុន្តែមិនតម្រូវឱ្យបង់ប្រាក់ប៉ាតង់នៅក្នុងអំឡុងពេលនៃការលើកលែងពន្ធនេះទេ ពោលគឺចន្លោះឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។
អគ្គនាយកដ្ឋានពន្ធដារ បញ្ជាក់ទៀតថា ដើម្បីទទួលបានការលើកលែងការបង់ពន្ធប៉ាតង់នេះ អ្នកសារព័ត៌មានទាំងកាសែត និងអ្នកសារព័ត៌មានអនឡាញ ដែលបាននិងកំពុងប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ត្រូវបំពេញភារកិច្ចសារពើពន្ធដូចជា៖ ចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ កត់ត្រា និងកាន់កាប់បញ្ជិកាគណនេយ្យឱ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ អ្នកសារព័ត៌មានទាំងកាសែត និងអ្នកសារព័ត៌មានអនឡាញ ត្រូវដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពន្ធដារជាធរមាន និងបំពេញកាតព្វកិច្ចសារពើពន្ធដទៃទៀត។
បើតាមលោក នេត ភត្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់ថា បច្ចុប្បន្នសារព័ត៌មានអនឡាញដែលបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន៩១៧ អង្គភាព។ ជាមួយគ្នា លោកក៏បានអំពាវនាវដល់អ្នកកំពុងប្រកបអាជីវកម្មក្នុងវិស័យព័ត៌មាន និងសោតទស្សន៍មិនទាន់បានចុះបញ្ជីត្រឹមត្រូវ ត្រូវមកបំពេញបែបបទនិងចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីទទួលបាននូវអត្ថប្រយោជន៍ទាំងឡាយដែលមាន។
គួរបញ្ជាក់ថា ការប្រកាសអំពីការលើកលែងការយកពន្ធប៉ាតង់ពីអ្នកសារព័ត៌មានកាសែត និងអ្នកសារព័ត៌មានអនឡាញនេះ ស្របតាមចំណាររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានការស្នើពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣៕



Post a Comment