អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! អាមេរិក ប្រគល់វត្ថុបុរាណខ្មែរចំនួន ១៤រូប បន្ថែមទៀត មកឱ្យកម្ពុជាវិញ - Read News TV

អាមេរិក ប្រគល់វត្ថុបុរាណខ្មែរចំនួន ១៤រូប បន្ថែមទៀត មកឱ្យកម្ពុជាវិញ

ភ្នំពេញ៖ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ (HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ Metropolitan Museum (MET), វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន ១៤រូបនេះ។ ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ឆ័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ បន្ថែមទៀត។
ក្នុងចំណោមវត្ថុទាំង ១៤រូប ដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសួរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ទូក្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២។
លោកស្រី គ្រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មាន ប្រសាសន៍ថា ការបញ្ជូនត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើងពីសារមន្ទីរ MET គឺមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលផងដែ។ ការបញ្ជូនត្រឡប់មកវិញនេះ មានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។ វត្ថុបុរាណខ្មែរជាច្រើនទៀតកំពុងស្ថិតនៅសារមន្ទីរ MET ហើយរំពឹងថា វត្ថុទាំងនោះនឹងវិលត្រឡប់មកកម្ពុជាវិញ។ កម្ពុជាស្នើដល់ឲ្យសារមន្ទីរ និងអ្នកកាន់កាប់សមុច្ច័យនក្ខជនដទៃទៀត ធ្វើការទាក់ទងមកកម្ពុជា ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន៕
Theme images by Radius Images. Powered by Blogger.