អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ស្ថាបនិកក្លិបបាល់ទាត់ណាហ្គាវើលដ៍ ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ - Read News TV

ស្ថាបនិកក្លិបបាល់ទាត់ណាហ្គាវើលដ៍ ទទួលមរណភាពក្នុងវ័យ ៧៥ឆ្នាំ

ភ្នំពេញ៖ លោក Chen Lip Keong មហាសេដ្ឋីកាស៊ីណូ និងជាស្ថាបនិករបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ព្រមទាំងជានាយកប្រតិបត្តិជាន់ខ្ពស់របស់ NagaCorp Ltd. បានទទួលមរណភាពក្នុងជន្មាយុ ៧៥ឆ្នាំ ដោយសារជំងឺ នេះបើយោងតាមកាសែតចិន Nanyang Siang Pau។

ភ្លាមៗនោះក្រុមហ៊ុន NagaCorp បានប្រកាសតែងតាំង លោក Chen Yiy Fon ដែលជាកូនប្រុសមួយរូបរបស់លោក Chen Lip Keong និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនកន្លងមក ឱ្យក្លាយជាប្រធានប្រតិបត្តិ (CEO) ថ្មី ចាប់ពីថ្ងៃទី១០ ខែធ្នូ ដោយកូនប្រុសរូបនេះ ត្រូវកាន់តំណែង និងមានការខុសត្រូវ ដូចឪពុករបស់ខ្លួនធ្លាប់កាន់ពីមុនមក។ 


ដោយផ្អែកលើបញ្ជីអ្នកមានបំផុតទាំង ៥០ របស់ទស្សនាវដ្ដី Forbes Malaysia សម្រាប់ឆ្នាំ​ ២០២៣ លោក Chen គឺជាអ្នកមានបំផុតទី៧ នៅក្នុងប្រទេសដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ២.៨ ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

គួរដឹងថាក្រុមហ៊ុន NagaCorp ទទួលបានអាជ្ញាប័ណ្ណបើកកាស៊ីណូរហូតដល់ឆ្នាំ២០៦៥ នៅកម្ពុជា និងមានសិទ្ធិផ្តាច់មុខ ក្នុងការដំណើរការកាស៊ីណូ ក្នុងចម្ងាយ ២០០គីឡូម៉ែត្រ នៅក្នុងក្រុងភ្នំពេញ រហូតដល់ ២០៤៥៕


Theme images by Radius Images. Powered by Blogger.