អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ប្រធានរដ្ឋវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីកម្ពុជានឹងបន្តការអភិវឌ្ឍ​កាន់តែខ្លាំងក្លា - Read News TV

ប្រធានរដ្ឋវៀតណាមជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតីកម្ពុជានឹងបន្តការអភិវឌ្ឍ​កាន់តែខ្លាំងក្លា

ហាណូយ៖ នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង​ (Vo Van Thuong) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ជាកិច្ចចាប់​ផ្តើម ឯកឧត្តម វ៉ វ៉ាន់ធឿង បានសម្តែងនូវកិច្ចស្វាគមន៍​ចំពោះ​ការ​អញ្ជើញ​បំពេញ​ទស្សន​កិច្ចផ្លូ​វ​ការជាលើកទី១ ក្នុងនាមនាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និង​គណៈ​ប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសវៀតណាម ព្រមជាមួយ​នឹង​ក្តីសោ​មនស្ស​រីករាយដែលបានជួប សម្តេចធិបតី ជាថ្មីម្តងទៀត បន្ទាប់ពី​ជំនួប​នៅ​ក្នុង​វេទិកា​គំនិត​ផ្តួ​ច​ផ្តើម​ខ្សែក្រ​វ៉ាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក៏បានចូលរួមសម្តែងនូវការអបអរសាទរចំពោះ សម្តេច​ធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើក​ទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយ​នេះ​ពិត​បាន​បង្ហាញយ៉ាងមុតមាំអំពីជំនឿទុកចិត្តរបស់គណបក្សមកលើសមត្ថភាពនៃការដឹកនាំរបស់ សម្តេច​ធិបតី ។

ដោយ​ឡែក ឯកឧត្តមប្រធានរដ្ឋ ក៏​បាន​សម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ដំណើរ​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​គណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នាឱកាសនេះ ដែលបាន​ឆ្លុះប​ញ្ចាំង​យ៉ាង​ច្បាស់​អំពី​ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែជិតស្និទ្ធរឹងមាំបន្ថែមទៀត ក្នុង​ស្មារតីមិត្តភាព និងសាមគ្គីភាពដ៏ល្អរវាងប្រទេស និងប្រជាជន ទាំងពីរ ។ លើសពីនេះ ឯកឧត្តម វ៉ វ៉ាន់ធឿង ក៏បានបង្ហាញនូវការជឿជាក់ផងដែរថា ក្រោមការដឹកនាំរបស់ សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដែលពោរពេញដោយថាមភាពនេះ គឺកម្ពុជា​នឹ​ង​បន្ត​ការ​អភិវឌ្ឍ​របស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមប្រធានរដ្ឋ និងបញ្ជាក់ផងដែរថា ប្រទេសវៀតណាម គឺជាប្រទេសទី១ នៅក្នុង​តំបន់​អាស៊ាន​ដែលសម្តេចធិបតី បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការក្នុងនាមជានាយករដ្ឋមន្ត្រី ដើម្បី​លើក​កម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។

ក្នុង​ជំនួបនេះ សម្តេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានរដ្ឋវៀតណាម អំពី​លទ្ធផល​ប្រកប​ដោយ​ផ្លែផ្កា​នៃកិច្ចប្រជុំពិភាក្សាជាមួយនឹង ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដោយក្នុងនេះ កម្ពុជា-វៀតណាម នឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេស​ការ​បង្កើត​នូវ​យន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម “កញ្ចប់​ទេសចរណ៍ប្រទេសបី គោលដៅតែមួយ (Three Countries One Destination Package)​” ជាដើម ។

ជាចុងបញ្ចប់ ឯកឧត្តមប្រធានរដ្ឋវៀតណាម បានសម្តែងនូវការវាយតម្លៃខ្ពស់ និងការ​គាំទ្រ​ចំពោះ​លទ្ធផល​នៃ​ជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីទាំងពីរ និងបានផ្តាំ​ផ្ញើ​នូវ​ការ​សាកសួរ​សុខ​ទុក្ខ​ថ្វាយ​អង្គ​ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រម​ទាំងជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំផ្សេងទៀតរបស់កម្ពុជា ព្រមជា​មួយ​នឹង​ការ​បញ្ជាក់​ផង​ដែរ​ថា ឯកឧត្តម នឹងរង់ចាំស្វាគមន៍​ជា​និច្ច​នូវ​ព្រះរាជ​ដំណើរ​យាង​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​រប​ស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុង​ពេល​ខាង​មុខ៕








Theme images by Radius Images. Powered by Blogger.