ជនជាតិចិនមួយក្រុម ចាប់ចិនម្នាក់វាយខ្នោះ យកទៅទម្លាក់ ចោលនៅម្តុំមុខផ្ទះអភិបាលខេត្ត
ព្រះសីហនុ៖ ជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញ កាលពីវេលាម៉ោង០៦នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣ ត្រង់ចំណុចភូមិគគីឃុំវត្ត្រាង ស្រុកព្រៃនប់ ក្រុងព្រះសីហនុ។ (ម្តុំក្បែរផ្ទះអភិបាលខេត្ត) នៅក្នុងកូនប្រឡាយចិញ្ចើមផ្លូវមួយកន្លែងដែលដៃជាប់ខ្នោះ ក្នុងស្ថានភាពទ្រោមតែនៅមានជីវិតនៅឡើយ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបឋមបានឲ្យដឹងថា កាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកាម្សិលមិញនេះ មានក្រុមចិនមួយក្រុម មានការឈ្លោះគ្នាយ៉ាងខ្លាំងនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ លុះព្រឹកឡើងក៏ប្រទះ ឃើញជនជាតិចិនម្នាក់ ត្រូវគេចាប់ចងយកមកបោះចោលនៅប្រឡាយ ក្នុងឃុំបិតត្រាំង ស្រកព្រៃនប់ទៅ។ ជុំវិញករណីនេះផងដែរ គេនៅមិនទាន់ដឹងមូលហេតុឈានដល់ការវាយខ្នោះជនជាតោចិនម្នាក់នេះយកទៅទម្លាក់ចោលនោះទេ។
ដោយឡែក បើយោងតាមប្រភពពីសាក្សីនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា នៅវេលាម៉ោងប៉ុន្មាន១១ និង៣០ នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៤ សង្កាត់លេខ ៤ ក្រុងនិងខេត្តព្រះសីហនុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក់ ឡង់គ្រឹសស័រ ពណ៌ខ្មៅពុំចាំផ្លាកលេខ មានគ្នាចំនួនប្រមាណ ៤ ទៅ ៥ នាក់ បានបើករថយន្តបុកជញ្ជាំងផ្ទះ នៅជាប់ចិញ្ចើមផ្លូវ ដោយមានការទាញមនុស្សចូលទៅក្នុងរថយន្ត រួចក៏បើកចេញទៅបាត់។ លុះព្រឹកឡើងទើបឃើញមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមថាបានប្រទះឃើញជនជាតិចិនម្នាក់ ត្រូវគេវាយខ្នោះដៃ យកទៅទម្លាក់ចោលក្បែរផ្ទះឯឧត្តមអភិបាលខេត្ត។
បច្ចុប្បន្ន គេនៅមិនទាន់ទទួលបានព័ត៌មានជាក់លាក់នៅឡើយទេ ដោយសមត្ថកិច្ច អះអាងថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតដើម្បីឈានទៅចាប់ខ្លួនជនសង្ស័យដើម្បីយកមកអនុវត្តទៅតាមនិតិវិធីច្បាប់។ ចំពោះជនរងគ្រោះត្រូវបានសមត្ថកិច្ចយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកចំការចេក ដោយមានការការពារយ៉ាងម៉ត់ចត់ពីសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញពាក់ព័ន្ធ៕




Post a Comment