អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្តល់ថវិកា និងជូនលោកស្រី សូយ ស៊ីនឿន ទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅគ្លីនិកលោកវេជ្ជបណ្ឌិត រស់ ថុន ខេត្តស្វាយរៀង - Read News TV

ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ផ្តល់ថវិកា និងជូនលោកស្រី សូយ ស៊ីនឿន ទៅព្យាបាលជំងឺដោយឥតគិតថ្លៃ នៅគ្លីនិកលោកវេជ្ជបណ្ឌិត រស់ ថុន ខេត្តស្វាយរៀង

ភ្នំពេញ ៖ ដោយសារតែស្ថានភាពជំងឺទឹកនោមផ្អែមរបស់លោកស្រី សូយ ស៊ីនឿន មានសភាពធ្ងន់ធ្ងរ នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ(IPA) ដែលដឹកនាំដោយលោក សេង បូលីន អគ្គលេខាធិការរងសមាគម សហការជាមួយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ រាជធានីភ្នំពេញ និងក្រុមការងាររថយន្តដឹកអ្នកជំងឺ “សម្ភពមានជ័យ១” បានដឹកបញ្ជូនលោកស្រី សូយ ស៊ីនឿន ពីរាជធានីភ្នំពេញទៅកាន់ខេត្តស្វាយរៀង ដើម្បីទទួលការព្យាបាលដោយឥតគិតថ្លៃ នៅគ្លីនិករបស់លោកវេជ្ជបណ្ឌិត រស់ ថុន ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តស្វាយរៀង។


ក្នុងឱកាសនោះដែរ ក្រុមការងារ ក៏បានឧបត្ថម្ភថវិកា ចំនួន ៤០ម៉ឺនរៀល ជូនដល់លោកស្រី សូយ ស៊ីនឿន សម្រាប់ថ្លៃអាហារហូបចុកប្រចាំថ្ងៃ ពីលើការដឹកជញ្ជូន និងព្យាបាលដោយឥតគិតថ្លៃ ពិសេសនឹងបន្តឧបត្ថម្ភថវិកាជូនលោកស្រី ជាបន្តបន្ទាប់ទៀតរហូតដល់បញ្ចប់ការព្យាបាល។ សូមបញ្ជាក់ជូនថា នៅល្ងាចថ្ងៃដដែលនេះ ក្រុមការងារ បាននាំយកលោកស្រី សូយ ស៊ីនឿន ទៅដល់គ្លីនិក និងប្រគល់ជូនលោកវេជ្ជបណ្ឌិត រស់ ថុន ដើម្បីព្យាបាលហើយ។ សូមបញ្ជាក់ជូនដែរថាកន្លងមក ក្រុមការងារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ធ្លាប់បាននាំយកអំណោយរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ជាថវិកា គ្រឿងឧបភោគ-បរិភោគ និងថ្នាំពេទ្យ ប្រគល់ជូន ព្រមទាំងបាននាំក្រុមគ្រូពេទ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត រស់ ថុន ចុះទៅព្យាបាលជំងឺជូនលោកស្រី សូយ ស៊ីនឿន ផងដែរ។ សូមបញ្ជាក់ផងដែរថា លោកស្រី សូយ ស៊ីនឿន បច្ចុប្បន្នរស់នៅជាមួយស្វាមី ជាអ្នកប្រកបរបរលក់លៀសហាល ក្នុងផ្ទះជួលមួយកន្លែងក្នុងភូមិទួលសង្កែ១ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មានជីវភាពខ្វះខាតខ្លាំង និងមានជំងឺប្រចាំកាយទៀតផង៕



Theme images by Radius Images. Powered by Blogger.