អង្គភាពសារព័ត៌មាន Read News TV សូមថ្លែងអំណរគុណ ប្រិយមិត្តទាំងអស់ ដែលគាំទ្ររាល់ការផ្សាយរបស់បណ្តាញសារព័ត៌មានយើងខ្ញុំ ! Read News TV Would Like to Thank all the Fans Who Support Our Broadcasts ! ពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ - Read News TV

ពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។ លោក កែ សួនសុភាព សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល ត្រូវបានតែងតាំងជាប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យជំនួសលោក ប៉ោ វណ្ណាត។

ថ្លែងទៅកាន់គណៈអធិបតី និងអង្គពិធី លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យបានធ្វើការប្តេជ្ញាចិត្ត បំពេញភារកិច្ច និងតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆន្ទៈមោះមុត ស្របតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចចិត្តនានាដែលថ្នាក់កណ្តាលបានដាក់ចេញ ឱ្យមានប្រសិទ្ធភាពខ្ពស់។
មានមតិផ្តាំផ្ញើទៅកាន់ថ្នាក់ដឹកនាំស.ស.យ.ក. ខេត្តដែលទើបចូលកាន់តួនាទីថ្មី ឯកឧត្តមប្រធានបានផ្តល់ជាអនុសាសន៍ល្អៗ ប្រកបដោយអត្ថន័យ ក្នុងនោះ ឯកឧត្តមស្នើឱ្យមានការជំរុញការចូលរួមក្នុងបុព្វហេតុសង្គមជាតិ តាមរយៈការខិតខំអនុវត្តការងារស្នូលប្រចាំថ្ងៃរបស់ខ្លួនឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ព្រមទាំងបន្តប្រជុំតាមដានវឌ្ឍនភាពការងារជាប្រចាំ តាមគ្រប់រូបភាពជាមួយរចនាសម្ព័ន្ធ ស.ស.យ.ក. ក្រោមចំណុះរបស់ខ្លួន។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំស.ស.យ.ក. ខេត្ត ត្រូវខិតខំរៀនសូត្រលត់ដំខ្លួន និងបន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួនប្រកួតប្រជែងក្នុងទីផ្សារការងារនៅក្នុងប្រទេស ឆាកតំបន់ និងអន្តរជាតិ និងត្រូវព្យាយាមសិក្សាស្វែងយល់បន្ថែមបញ្ហាប្រឈម និងតម្រូវការរបស់មូលដ្ឋានខ្លួន ដើម្បីអាចពិនិត្យលទ្ធភាព ក្នុងការចូលរួមចំណែកផ្តល់ដំណោះស្រាយជាក់ស្តែង។ ជាពិសេស ក្នុងឱកាសឈានឆ្ពោះទៅការប្រារព្ធខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារត្រូវធ្វើការបំផុសចលនា ផ្សព្វផ្សាយ និងជំរុញការចូលរួមអបអរសាទររបស់សមាជិក សមាជិកា ស.ស.យ.ក. ខេត្ត ឱ្យបានផុសផុល និងសកម្ម។
សូមបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបន្ទាយជ័យ បច្ចុប្បន្នមានសមាជិកសកម្ម ប្រមាណ ៤.៥១៧ នាក់ ដែលបាន និងកំពុងចូលរួមក្នុងសកម្មភាពសង្គមនានាជុំវិញខេត្ត ដូចជាកិច្ចការមនុស្សធម៌ ការជួយសង្រ្គោះជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិ យុទ្ធនាការពលរដ្ឋល្អ ព្រមទាំងការរៀបចំកម្មវិធីផ្សេងៗនាពេលកន្លងមក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយគណៈកម្មាធិការកណ្តាល និងរចនាសម្ព័ន្ធទូទាំងប្រទេស ក្នុងការពង្រីកកិត្យានុភាពរបស់ ស.ស.យ.ក. និងការជំរុញសកម្មភាព យុវជនក្នុងបុព្វហេតុសង្គមជាតិ។




Theme images by Radius Images. Powered by Blogger.