ទារិកាទី១បានចុះបញ្ជីកំណើតជោគជ័យតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន
ភ្នំពេញ៖ នៅទីបំផុត រិទ្ធ ស្រីពេជ្រ បានក្លាយជាទារិកាទី១ ដែលបានចុះបញ្ជីកំណើតដោយជោគជ័យតាមរយៈប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
ការឈានទៅសម្រេចការងារចុះបញ្ជីកំណើតដោយប្រើប្រព័ន្ធបច្ចេកវិទ្យានេះបាន បន្ទាប់ពីមានការចង្អុលដឹកនាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃដែលបានដាក់ឱ្យអនុវត្តសាកល្បងនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តែយ៉ាងណាដើម្បីសម្រេចកិច្ចការនេះបាន គឺដោយមានសហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដែលបានខិតខំអភិវឌ្ឍកម្មវិធី ដើម្បីចុះបញ្ជីអត្រានុកូលដ្ឋានដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ពីប្រព័ន្ធជូនដំណឹងសុខាភិបាល ទៅកាន់ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
សូមរំលឹកថា ទារិកាឈ្មោះ រិទ្ធ ស្រីពេជ្រ កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្រាប់ប្រព័ន្ធចុះបញ្ជីកំណើតទំនើបនេះ គឺជាជំហានប្រកបដោយទស្សនៈវិស័យ និងជារបត់ថ្មីមួយក្នុងប្រវត្តិនៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាដែលកំណត់ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល” ជាស្នូលនៃបញ្ចកោណយុទ្ធសាស្រ្តមួយ។
សូមបញ្ជាក់ថា ការសាកល្បងនេះរួមបញ្ចូលទាំងការចុះបញ្ជីកំណើត ការចុះបញ្ជីមរណភាព ការចុះបញ្ជីអាពាហ៍ ពិពាហ៍ និងការផ្តល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល(UIC)ដល់ទារកដែលទើបកើត។ មួយទៀត លេខកូដ សម្គាល់អត្តសញ្ញាណបុគ្គល នឹងត្រូវផ្តល់ដល់បុគ្គលគ្រប់រូប ដើម្បីប្រើប្រាស់ពេញមួយជីវិតពីកើតរហូតដល់ស្លាប់។ ទាំងនេះគឺជាផ្នែកមួយនៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងគោលដៅទី១៦.៩ ដែលបានចែងថា “នៅត្រឹមឆ្នាំ២០៣០ ត្រូវផ្តល់អត្តសញ្ញាណស្របច្បាប់ដល់ប្រជាពលរដ្ឋទាំងអស់ដោយរាប់បញ្ចូលទាំងការចុះសំបុត្រកំណើត”៕




Post a Comment