ស្នងការនគរបាលខេត្តព្រៃវែង បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ពីរឿងមន្ត្រីពាក់ព័ន្ធនូវសារធាតុញៀន១១នាក់
ខេត្តព្រៃវែង៖ ស្នងការនគរបាលខេត្តព្រៃវែងបានចេញសេចក្តីប្រកាសជាសាធារណៈ ពីរឿងមន្ត្រីពាក់ព័ន្ធនូវសារធាតុញៀន១១នាក់ ខាងក្រោម៖
ក្នុងពេលថ្មីៗនេះ មានការចែករំលែកព័ត៌មានមិនច្បាស់លាស់លើបណ្ដាញសង្គម ស្ដីពីការឃាត់ខ្លួន មន្ត្រីនគរបាលខេត្តព្រៃវែងចំនួន ១១ នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន បញ្ចូនទៅមណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ។ ពាក់ព័ន្ធខ្លឹមសារខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមធ្វើការបកស្រាយជូនសាធារណៈ ជនទាំងអស់មេត្តាជ្រាបថា៖ ដោយមានការចង្អុលដឹកនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិកម្ពុជា ចាប់ពីថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៣ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បើកយុទ្ធនាការ ធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្ត អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២៣ ក្រុមការងារបានស្វែង រកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ១១ នាក់ ។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្ពុជា ស្នងការដ្ឋាននគរបាលខេត្តបានបញ្ជូនមន្ត្រីនគរបាលទាំង ១១ នាក់នោះទៅកាន់ មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ដោយឡែកចំពោះរូបភាពអនុវត្តវិន័យយ៉ាងណានោះ ស្នងការដ្ឋាននគរបាលខេត្តនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ បំផុត តាមគោលការណ៍សម្រេចពីថ្នាក់ដឹកនាំនាពេលក្រោយ ។ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណ និងត្រៀមជាស្រេចដោយក្តីរីករាយ ដើម្បីទទួល រាល់កិច្ចសហការ មតិរិះគន់ស្ថាបនាពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្ដាញសារព័ត៌មាន ដែលកន្លងមក បានចូលរួមសហការ និងបន្តសហការក្នុងការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន ព្រមទាំងសំរិតសំរាំងដល់មន្តី នគរបាលយើងខ្ញុំ។
គួរំលឹកផងដែរ៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ " ជាកងកម្លាំងនគរបាលជាតិ ខុសពីប្រជាពលរដ្ឋធម្មតា ដែលត្រូវគោរពវិន័យ អនុវត្តបទបញ្ជា និងបំពេញតួនាទីភារកិច្ច ដើម្បីផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សង្គម។ ក្នុងនោះរាល់ការបំពេញភារកិច្ច គប្បីជៀសឱ្យឆ្ងាយកុំពាក់ព័ន្ធនឹងគ្រឿងញៀន ហើយក្នុងករណីរកឃើញថា នគរបាលរូបណាជាប់ទាក់ទិននឹងបទល្មើសគ្រឿងញៀន ក្រសួងនឹងអនុវត្តវិន័យតឹងរ៉ឹងបំផុត ដោយអាចបណ្ដេញចេញពីក្របខណ្ឌ ជាដើម "៕ 


Post a Comment