ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញកំណែទម្រង់ច្រកចេញចូលតែមួយសម្រួលការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព
បាត់ដំបង ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងជំរុញទៅកាន់មន្រ្តីរដ្ឋបាលខេត្ត និងមន្រ្តីច្រកចេញចូលតែមួយខេត្តបាត់ដំបង ពីការធ្វើកំណែទម្រង់ច្រកចេញចូលតែមួយ ដើម្បីសម្រួលការផ្ដល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព ស្របពេលប្រជាពលរដ្ឋកាន់តែមានសន្ទុះគាំទ្រការផ្ដល់សេវារបស់មន្ត្រីជាប្រតិបត្តិករ។
រូបភាពពីហ្វេសប៊ុក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា។
ការជំរុញនេះ កើតឡើងក្នុងឱកាស ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តបាត់ដំបង និងអង្គភាពចំណុះកាលពីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះបើតាមទំព័រហ្វេសប៊ុករបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថ្លែងបន្តទៀតថា ច្រកចេញចូលតែមួយជាអាទិភាពសម្រាប់ការផ្តល់សេវាជូនពលរដ្ឋ ប្រការនេះគប្បីមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ប្រតិបត្តិការការងារជាអ្នកផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបានល្អប្រសើរ។

ឯកឧត្ដមអភិសន្តិបណ្ឌិតពិនិត្យទីតាំងច្រកចេញចូលតែមួយនិងរបៀបផ្តល់សេវាកម្មជូនពលរដ្ឋ។
រូបភាពពីហ្វេសប៊ុក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា។
ឯកឧត្ដមអភិសន្តិបណ្ឌិត បន្តទៀតថា កំណែទម្រង់លើការងារច្រកចេញចូលតែមួយត្រូវចាប់ផ្ដើមធ្វើដោយមិនអាច អូសបន្លាយពេលនោះទេ ដ្បិតការវិវត្តនៃបច្ចេកវិទ្យាកាន់តែទំនើប ដូច្នេះត្រូវសម្រួលយន្តការផ្ដល់សេវាឱ្យបានកាន់ តែច្រើននិងលឿនរហ័សតាមប្រព័ន្ធឌីជីថល។

ឯកឧត្ដមអភិសន្តិបណ្ឌិតសំណេះសំណាលជាមួយពលរដ្ឋដែលមកទទួលសេវាសាធារណៈនៅច្រកចេញចូលតែមួយ។
រូបភាពពីហ្វេសប៊ុក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា។
ក្រោយពីបានពិនិត្យច្រកចេញចូលតែមួយខេត្តបាត់ដំបង ឯកឧត្ដមអភិសន្តិបណ្ឌិត កត់សម្គាល់ឃើញថា ដំណើរការបានល្អប្រសើរបន្តិចម្ដងៗ តែក៏ពុំត្រូវស្កប់ស្កល់នឹងអ្វីដែលទទួលបាននាពេលនេះត្រឹមប៉ុណ្ណឹងនោះ ដោយត្រូវបន្តសិក្សាស្រាវជ្រាវដកស្រង់បញ្ហាខ្វះចន្លោះនានាដើម្បីរកមូលហេតុនៃដំណើររអាក់រអួលក្នុងការផ្ដល់ជូនប្រជាពលរដ្ឋ។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏នឹងបន្តសិក្សាដូចគ្នា រួមជាមួយក្រសួងស្ថាប័នវិស័យផ្សេងៗ ថាតើសេវាអ្វីខ្លះទៀត ដែលគួរទម្លាក់ទៅថ្នាក់ក្រោមជាតិ ដើម្បីបន្តផ្ដល់ជូនអ្នកមានតម្រូវការ៕


Post a Comment