អ្នកសារព័ត៌មានចំនួន ៤នាក់ កំពុងរង់ការចោទប្រកាន់ និងបញ្ជូនទៅតុលាការក្នុងការសួរនាំ
មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ថា នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកសារព័ត៌មានចំនួន៤រូប ដែលដើរសុំលុយគេនៅតាមសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរីទៅកាន់តុលាការហើយ។ លោកស្នងការបញ្ជាក់ថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤រូបនោះ មួយរូបបានក្លែងឯកសារសាធារណៈ មានដូចជាកាតសារព័ត៌មាន និងកាតអង្គការ។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា បានឱ្យដឹងថា ការឃាត់ខ្លួនអ្នកកាសែតទាំង៤នាក់នេះ គឺបន្ទាប់ពីមានម្ចាស់សប្បកម្មឈើបានប្តឹងពីបទកំហែងទារប្រាក់។
ជាមួយគ្នានេះ លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បានឱ្យដឹងដែរថា ក្នុងចំណោមអ្នកសារព័ត៌មានទាំង៤រូបដែលបានឃាត់ខ្លួន គឺ៣រូបមានស្នាក់ការនៅខេត្តបាត់ដំបង និងមួយរូបទៀតមានស្នាក់ការនៅខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឃាត់ខ្លួនសួរនាំអ្នកសារព័ត៌មានចំនួន៤រូប ពាក់ព័ន្ធនឹងការដើរសុំលុយតាមសិប្បកម្មឈើនៅស្រុកកោះញែក និងក្រុមហ៊ុនរ៉ែមាស នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ អ្នកសារព័ត៌មានទាំង៤រូបនោះរួមមាន លោក ឯម សុវិសេដ្ឋ ចាងហ្វាងគេហទំព័រ cpnnews, លោក ស្រ៊ន់ រ៉ាវ៉ាន់ ជំនួយការណ៍ផ្ទាល់ចាងហ្វាងគេហទំព័រ cpnnews, លោក ថុង គីមងួន ចាងហ្វាងគេហទំព័រ pcntvonline និងលោក សំ សីហា ចាងហ្វាងគេហទំព័រAmmhotnews ។
អង្គភាពអ្នកសារព័ត៌មានយើង សូមស្នើសុំដល់ ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ផ្ដល់វត្ថុតាងនៅចំណុចដែលលោកចោទប្រកាន់អ្នកសារព័ត៌មាន ថាក្លែងឯកសារសាធារណៈ យោងតាមសំឡេងដែលអ្នកសារព័ត៌មានបានធ្វើបទសម្ភាសន៍ អង្គភាពអ្នកសារព័ត៌មាន យើងពិតជាមានចម្ងល់ពាក្យថា ដើរសុំលុយគេ តើមានទោសដែរឬទេ? ហើយដូចនឹងពាក្យថាគំរាមទាប្រាក់ដែរឬទេ? តើហេតុអ្វីបានជាអ្នកសារព័ត៌មានត្រូវគំរាមទារប្រាក់ ពីសំណាក់កន្លែងអាជីវកម្មទាំងនោះទៅវិញ តើកន្លែងអាជីវកម្មទាំងនោះមានអ្វីបិទបាំងនៅពីក្រោយ ?
អង្គភាពអ្នកសារព័ត៌មានយើង គ្រាន់តែជាកញ្ចក់ឆ្លងបញ្ចាំងរិះគន់ក្នុងន័យស្ថាបនានិងរង់ចាំការឆ្លើយបំភ្លឺរបស់ លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ។


Post a Comment