ក្រសួងនឹងធ្វើឱ្យសារព័ត៌មានក្លាយជាវិស័យអាទិភាពដើរតួនាទីផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក
រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានលើកឡើងថា នៅក្នុងអាណត្តិទី៧នេះ ក្រសួងព័ត៌មាន នឹងធ្វើឱ្យវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាពដើរតួនាទីសំខាន់ ជាសំឡេងរបស់កម្ពុជាមានន័យថា សារព័ត៌មានទាំងអស់ មានតួនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជាទៅប្រជាជន និងពិភពលោក។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់អ្នកសារព័ត៌មានជាង ១០០នាក់ ដែលរៀបចំឡើងដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានសកលសន្តិភាព នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅអគារសេរីភាព ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវអនុវត្តន៍នូវគោលការណ៍ចំនួន៣ ជាសំខាន់៖ ១.គោរពក្រមសីលធម៍ ២.សរសេរព័ត៌មានពិតឈរលើប្រភព និង៣.ប្រកាន់គោលការណ៍បី ខ្លី ខ្លឹម ខ្លាំង។ សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយការពិតជូនដល់ប្រជាជន និងពិភពលោក ហើយអ្នកសារព័ត៌មានដើរតួនាទីសំខាន់ក្នុងកិច្ចការងារនេះ។លោកនេត្រ ភក្រ្តា បានឱ្យដឹងថា ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សម្ភារៈ សម្រាប់បម្រើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាពរបស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម ។ ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាននោះទេ គឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មនេះដែរ ដោយក្រសួងបាន ដាក់ឱ្យដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់ជាមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព។
កម្រិតនៃចំណះដឹងនិងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកបដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួន និងដើម្បីចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។
ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានលើកឡើងពីកិច្ចការងារគាំពារមន្រ្តី និងអ្នកសារព័ត៌មាន ដោយក្រសួងព័ត៌មាន បានសហការជាមួយ មជ្ឈមណ្ឌលរោគវិនិច្ឆ័យ ប៊ីយ៉ូមេឌីក ដើម្បីទទួលបានការបញ្ចុះតម្លៃ ៣០ភាគរយ លើសេវាពិនិត្យសុខភាព ដោយគ្រាន់តែអ្នកសារព័ត៌មានអញ្ជើញទៅ បង្ហាញកាតដែលទទួលស្គាល់ដោយក្រសួងព័ត៌មាន។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា មានសារព័ត៌មានបោះពុម្ពផ្សាយបានចុះបញ្ជីរនៅក្រសួងព័ត៌មាន មានចំនួនប្រមាណ ៥០០អាជ្ញាបណ្ណ, វិទ្យុFM មានជាង ២២១ស្ថានីយ៍នៅទូទាំងប្រទេស, ស្ថានីយ៍ទូរទស្សន៍មាន ២១ប៉ុស្ត៍, ទូរទស្សន៍ខ្សែកាបមានជាង ៩០ប៉ុស្ត៍, សារព័ត៌មានអនឡានមានចំនួនជាង ៩០០ អាជ្ញាបណ្ណ តែមានបងប្អូនមួយចំនួនទៀតបានប្រតិបត្តិការការងារសារព័ត៌មាន ដោយមិនចុះបញ្ជីត្រឹមត្រូវ ។ ដូច្នេះសូមមកចុះបញ្ជីឱ្យបានត្រឹមត្រូវដើម្បីប្រតិបត្តិការការងារជាអ្នកសារព័ត៌មាន ស្របតាមផ្លូវច្បាប់ ហើយក្រសួងព័ត៌មាន ផ្តល់នូវមេធាវីជួយការពារដល់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈបានត្រឹមត្រូវតាមផ្លូវច្បាប់ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈអ្នកសារព័ត៌មាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងព័ត៌មាន៕

Post a Comment