ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបន្ទាយមានជ័យ ប្រារព្ធនៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា
បន្ទាយមានជ័យ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការខេត្តបន្ទាយមានជ័យ ប្រារព្ធនៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សក្រ នៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លា ពោរពេញដោយក្ដីសោមនស្សរីករាយនៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត បញ្ញវន្ត ព្រះសង្ឃ ប្រជាពលរដ្ឋទូទាំងខេត្ត និងក្នុងនាមទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត សូមអភិវន្ទលំឱនកាយវាចាចិត្ត ក្រាបបង្គំសម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនាវិបុលសុខ មហាប្រសើរគ្រប់យ៉ាងចំពោះព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គ ទ្រង់ប្រកប ដោយព្រះកាយពលមាំមួនខ្លាំងក្លាព្រះបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុ យឺនយូរ ដើម្បីព្រះអង្គទ្រង់គង់នៅក្នុងព្រះបរមសិរីរាជសម្បត្តិបន្តព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ ពីព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីភាពចម្រុងចម្រើន ថ្កុំថ្កើង រុងរឿង និងសម្បូរសប្បាយប្រកប ដោយសុខដុមរមនារបស់មាតុភូមិ អង្គរជាទីស្នេហា និងប្រជារាស្ត្រគ្រប់រូបជាយូរអង្វែងតរៀងទៅ។
ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឬក្សប្រពៃថ្លៃថ្លានេះផងដែរ ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្ន សូមព្រះបរមរាជានុញ្ញាតអភិវន្ទសម្ដែងថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះស្នាព្រះហស្ថព្រះ ករុណាជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលព្រះអង្គតែងតែយកព្រះទ័យ ក្នុងការជួយដោះស្រាយទុក្ខ លំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសព្រះអង្គតែងតែយកអស់ព្រះបញ្ញា ញាណ ព្រះកាយពល និងព្រះរាជទ្រព្យដើម្បីរួមចំណែកកសាងសមិទ្ធផលសង្គមយ៉ាងច្រើន សំដៅស្តារ និងអភិវឌ្ឍន៍ ទឹកដីព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។ នៃ
ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណម្យបួងសួងដល់ទេវតាថែរក្សាទឹកដី ព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធីបារមី ទេវតា ថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ ព្រះអង្គ បុណ្យបារមីព្រះករុណាព្រះមហាវីរក្សត្រ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី សូមព្រះអង្គតាមជួយ បីបាច់ថែរក្សាអភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណាថ្លៃវិសេស និងសូម ព្រះអង្គទ្រង់ប្រកបដោយព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។ សូមព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំជាខ្ញុំ។ ពាក្យគួរពុំគួរសូមព្រះករុណាថ្លៃវិសេសទ្រង់ព្រះមេត្តាប្រោស។































Post a Comment