សម្ដេចធិបតី៖ការរក្សាបាននូវសន្ដិភាព និងស្ថិរភាពឋិតថេរកម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ
សហរដ្ឋអាមេរិក ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសថ្លែងសុន្ទរកថា នៅក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក, រសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ជាមួយនឹងសន្ដិភាព និងស្ថិរភាពឋិតថេរ កម្ពុជាបន្តរីកម្រើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ ក្នុងរយៈពេល ២ ទស្សវត្សរ៍ចុងក្រោយនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អត្រាភាពក្រីក្ររបស់ប្រទេសកម្ពុជា បានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ១,៦% ហើយសេដ្ឋកិច្ចរបស់យើងមានការកើនឡើងជាង ៧% ក្នុងមួយឆ្នាំ។ រហូតដល់មានការផ្ទុះឡើងនៃជំងឺរាតត្បាត កូវីដ-១៩ កម្ពុជាជាប្រទេសមួយក្នុងចំណៅមប្រទេសដែលជោគជ័យបំផុត នៅក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ និងការងើបឡើងវិញក្រោយវិបត្តិ កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ ២០២២ បានងើបឡើងវិញក្នុងអត្រា ៥,២ % និងត្រូវបានព្យាករថា បន្តកើនឡើងក្នុងរង្វង់ ៥,៦% នៅឆ្នាំ ២០២៣នេះ។
សម្ដេចនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដូចដែលបានគូសបញ្ជាក់នៅក្នុងរបាយការណ៍ ត្រួតពិនិត្យជាតិស្ម័គ្រចិត្តលើកទី ២ របស់កម្ពុជា (VNRs) កាលពីខែ កក្កដា កន្លងទៅ, ៧២% នៃសូចនាករ និងសូចនាកររងនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព សុទ្ធតែមានវឌ្ឍនភាពល្អ។ ខណៈប្រទេសកម្ពុជា កំពុងផ្លាស់ប្ដូរពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ទៅជាប្រទេសកំពុងអភិវឌ្ឍនៅឆ្នាំ ២០២៧ ដោយសារតែមានគោលនយោបាយត្រឹមត្រូវ និងសមត្ថភាពរបស់រាជរដ្ឋាភិបាល នៅក្នុងការរក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចខ្ពស់ ការបែងចែកផលអំពីកំណើនប្រកបដោយសមធម៌ ក៏ដូចជា សហប្រតិបត្តិការល្អជាមួយដៃគូពាក់ព័ន្ធទាំងអស់។
សម្ដេចធិបតីបញ្ជាក់ថា ដំណើការកសាងលទ្ធិប្រជាធិបតេយ្យ ក៏មានការរីកចម្រើនជាលំដាប់។ កាលពីខែ កក្កដា ឆ្នាំនេះ កម្ពុជាបានរៀបចំការបោះឆ្នោតសកលប្រកបដោយជោគជ័យ ដោយមានគណបក្សនយោបាយ ១៨ ចូលរួមប្រកួតប្រជែង ប្រជាជនជាង ៨,២ លាននាក់ បានទៅនោះឆ្នោត ស្មើនឹងអត្រាអ្នកទៅបោះឆ្នោត ៨៤,៥៩% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោត ដែលរៀបចំដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ ១៩៩៣។ នេះគឺជាសក្ខីភាព យ៉ាងច្បាស់បង្ហាញពីភាពចាស់ទុំនយោបាយ និង ភាពក្លៀក្លារបស់ប្រជាជនកម្ពុជា។
សម្ដេចធិបតីថ្លែងថា នៅក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃយ៉ាងទូលំទូលាយជាសេរី និងយុត្តិធម៌ និងអាចទុកចិត្តបាន ដោយអ្នកសង្កេតការណ៍រាប់ពាន់នាក់ បូករួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ៣៣៣ នាក់មកពីប្រទេសចំនួន ៦៥៕



Post a Comment